ខេត្តស្វាយរៀង៖នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែ តុលាឆ្នាំ២០២២នេះរដ្ឋបាលស្រុករមាសហែកដឹកនាំដោយលោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុករមាសហែក បាននាំយកកូនឈើដើម្បីដាំកែលម្អសោភ័ណ្ឌភាពតាមដងផ្លូវសាធារណៈ វត្តអារាម សាលារៀន និងតាមមន្ទីរអង្គភាពនានា ក្នុងភូមិសាស្ត្រស្រុករមាសហែកខេត្តស្វាយរៀង។
ពិធីនេះដែរក៏មានការចូលរួមពីអស់លោក លោកស្រីជាអភិបាលរងស្រុកលោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាស្រុកលោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទលោក លោកស្រី ប្រធានការិយាល័យទាំង១៣លោក លោកស្រី មេឃគោលដៅលោក លោកស្រី ស្មៀនឃុំគោលដៅលោកប្រជាការពារភូមិគោលដៅលោកគ្រូ តាមគោលដៅសិស្សានុសិស្សតាមគោលដៅ ក្រុម ស.ស.យ.ក តាមគោលដៅ យុវជនគណបក្ស តាមគោលដៅជាច្រើននាក់ផងដែរ។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍ឲ្យដឹងថា៖ការចូលរួមដាំកូនឈើនាថ្ងៃនេះជាការលើកកម្ពស់បរិស្ថានធម្មជាតិ និងលើកកម្ពស់សោភ័ណ្ឌភាព ប្រកបដោយបរិយាកាសបរិសុទ្ធក៏ដូចជាប្រយោជន៍រួមពីខ្យល់អាកាសធម្មជាតិសម្រាប់មនុស្ស សត្វ និង រុក្ខជាតិ។ល។
លោកបានបន្តទៀតថា៖ក្នុងនាមរដ្ឋបាលស្រុកបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជាពិសេសក្មួយៗយុវជន សិស្សានុសិស្ស បន្តស្មារតីស្រឡាញ់បរិស្ថានធម្មជាតិ ថែទាំដើមឈើដែលបានដាំរួចឲ្យរស់រានមានជីវិតលូតលាស់បានល្អ និងរួមគ្នាបន្តដាំកូនឈើនៅតាមសហគមន៍ ទីអារាម ភូមិដ្ឋាន ក្នុងបរិវេណគ្រឹះស្ថានសិក្សា អង្គភាពរដ្ឋ តាមដងផ្លូវ តាមទំនប់ ប្រឡាយ ទីទួល ទីទំនាប ស្រែចម្ការ និងតាមទីសាធារណៈផ្សេងៗឲ្យបានកាន់តែសកម្មថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការការពារ ការអភិរក្ស និងការពង្រីកធនធានព្រៃឈើដ៏មានសារៈសំខាន់សម្រាប់យើងទាំងអស់គ្នា សំដៅធ្វើឲ្យប្រទេសកម្ពុជានិយាយជារួម និងមូលដ្ឋានភូមិ ឃុំ ស្រុករមាសហែក ខេត្តស្វាយរៀងយើងនិយាយដោយឡែក កាន់តែមានទេសភាពបៃតង និងរស់រវើកគ្រប់រដូវកាល ។
លោក ស៊ូ ម៉ុល បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់រាល់បទល្មើសព្រៃឈើ និងការកាប់រានព្រៃឈើយកដីល្មើសច្បាប់តាមគ្រប់រូបភាព មកធ្វើជាកម្មសិទ្ធិឯកជន ជាពិសេសត្រូវបង្កើននូវប្រសិទ្ធភាព នៃការចូលរួមទប់ស្កាត់ភ្លើងឆេះព្រៃគ្រប់ប្រភេទ។
ទន្ទឹមនេះលោកក៏បានជំរុញដល់បងប្អូនពលរដ្ឋបន្តទៅទទួលការចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាន និងដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កើត និងពង្រឹងភាពស៊ាំនៅក្នុងសហគមន៍របស់យើងទប់ទល់នឹងជំងឺឆ្លងកូវីដ-១៩ និងសូមមានការប្រុងប្រយ័ត្នដោយបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងត្រូវចូលរួមអនុវត្តភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចព្រមទាំងទប់ស្កាត់និងលុបបំបាត់រាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ។ ហើយការដាំដើមឈើនេះគឺមាន២លើកដោយ៖- លើកទី១ ដាំបាន៣.៥០០ដើម- លើកទី២ ដាំបាន ៤.០០០ដើម (ថ្ងៃទី៦ខែតុលា ឆ្នាំ២០២២នេះ)ហើយបានដាំតាមដងផ្លូវជាតិលេខ១៣ពីព្រំប្រទល់ស្រុករមាសហែកខេត្តស្វាយរៀងជាមួយស្រុកកំចាយមាខេត្តព្រៃវែងដល់ស្រុករំដួលខេត្តស្វាយរៀងនិងតាមបណ្តាល ឃុំគោលដៅ សាលារៀន វត្តអារាមប្រាសាទជីហោ អង្គភាពកងកម្លាំង សាលាឃុំ។ល។ ហើយកូនឈើយកមកដាំនាពេលនេះ រួមមាន កូនក្ងោក កូនក្រញូង ប៉េង ធ្នង់ កូនឈើទាល សរុប ជាង៨.០០០ ដើមហើយកូនឈើនេះបានមកពីការឧបត្ថម្ភរបស់ផ្នែករដ្ឋព្រៃឈើរមាសហែក៕