អភិបាលខេត្ត ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងកិច្ចអភិវឌ្ឍន៍ ប្រកបដោយភាពទទួលខុសត្រូវរបស់ខេត្ត

ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី បាន​ណែនាំ​ដល់​មន្ទីរព័ត៌មានខេត្តព្រះវិហារ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តនូវភារកិច្ចស្នូល​របស់ខ្លួន ​ក្នុង​ផ្សព្វផ្សាយឱ្យ​បានទូលំទូលាយ ដើម្បីបង្ហាញ​ដល់​សាធារណជន​អោយយល់កាន់តែច្បាស់ ​អំពី​សមិទ្ធផល ​និងកិច្ចអភិវឌ្ឍន៍ ប្រកបដោយភាពទទួលខុស​ត្រូវ​របស់ខេត្ត ​ក៏ដូចជាប្រទេសជាតិ ​ដែលមាន​ប្រមុខដឹកនាំ​ដ៏​ឆ្នើម ​និងឈ្លាសវៃបំផុត ។

ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃមន្ទីរព័ត៌មានខេត្តព្រះវិហារ នារសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ម្សិលមិញនេះ។

ពិធីនេះ មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាទីប្រឹក្សាក្រសួងព័ត៌មាន ឯកឧត្តម លោកជំទាវ ​ជាអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព និង ថ្នាក់ដឹកនាំកងកម្លាំងទាំងបី ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បាន​ថ្លែង​កោតសរសើរ និងវាយតម្លៃ ខ្ពស់ ចំពោះ​លទ្ធផល​ការងារដែលមន្ទីរព័ត៌មានខេត្ត ក៏ដូចជាវិស័យព័ត៌មានសម្រេចបាននាពេល​កន្លងមក ចូលរួមយ៉ាង​សកម្មក្នុងការផ្សព្វផ្សាយនូវសកម្មភាពថ្នាក់ដឹកនាំ​ សមិទ្ធផលនានា​ នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ នឹងកោតសរសើរចំពោះមន្ត្រីនៅក្នុងអង្គភាព ​នៃមន្ទីរព័ត៌មាន ដែលបានខិតខំបំពេញការ​ងារ​ប្រកប​ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចុះយកព័ត៌មាន​ នឹងផ្ដិតយករូបភាពមកផ្សព្វផ្សាយប្រកប ដោយ​គុណភាព និងសំបូរបែបទាន់ពេលវេលា​ និងទុកចិត្តបាន ពិសេសការទប់ស្កាត់នូវព័ត៌ មានមិនពិត ។

ឯកឧត្តម បន្ថែមថា វិស័យព័ត៌មានជាមូលដ្ឋានដ៏សំខាន់​ ក្នុងការផ្សព្វផ្សាយដោយសុឆន្ទៈ ក្នុងការ​ធ្វើសេចក្តី​សម្រេចនានា បង្ហាញពីសកម្មភាពសង្គម ​ព្រឹត្តិការណ៍ជាតិ ​អន្តរជាតិ ​និងការផ្តល់នូវ ចំណេះដឹងដ៏​មានសក្តានុពលទៅគ្រប់មជ្ឈដ្ឋានទាំងអស់ ។

ជាមួយគ្នានេះ ឯកឧត្តម ​បានវាយតម្លៃខ្ពស់ ដល់សកម្មភាពនានានៃអង្គភាព​ ក៏ដូចជាវិស័យព័ត៌មាន និងសោតទស្សន៍ ​ទោះជាស្ថិតក្នុងបរិបទកូវីដ-១៩ក៏ដោយ ​ក៏វិស័យព័ត៌មានក្នុងខេត្តព្រះវិហារ អនុវត្តន៍​ការងារបានល្អ ប្រសើរដែរ ។

ក្នុងឱកាសជួបសំណេះសំណាលនេះដែរ ​ឯកឧត្តមក៏បានឧបត្ថម្ភដល់មន្ត្រីរាជការ ​និងមន្ត្រីកិច្ច សន្យាចំនួន ​៣៨នាក់ ​នៃមន្ទីរព័ត៌មានខេត្ត ដោយក្នុងម្នាក់ៗ​ទទួលបានថវិកា ១០ម៉ឺនរៀល ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *