លោកជំទាវ អភិបាលខេត្តប៉ៃលិន ចាត់ឱ្យក្រុមការងារចុះជួយប្រមូលផលស្ពៃរបស់ប្រជាពលរដ្ឋជិតកន្លះហិកតា ដែលទទួលរងការលិចលង់ដោយសារជំនន់ទឹកភ្លៀង

ខេត្តប៉ៃលិន ៖ បន្ទាប់ពីភ្លៀងខ្លាំង បណ្តាលឱ្យទឹកហូរចុះពីលើភ្នំ បន្តធ្លាក់ចូលទៅតាមអូរ ស្ទឹងជន់ឡើងលិចលង់ភូមិមួយចំនួនក្នុងស្រុកសាលាក្រៅ ធ្វើឱ្យអណ្តែតសម្ភារ:ផ្ទះបាយ ដូចជា ឆ្នាំង ចាន ពាងទឹក ជាដើម ព្រមទាំងលិចលង់ដំណាំដាំដុះអស់ជាច្រើន។ លុះមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋទទួលរងគ្រោះ លិចផលដំណាំ ខណ:ពេលកំពុងប្រមូលផល នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញបញ្ជាឱ្យមន្រ្តីរដ្ឋបាលខេត្ត សហការជាមួយយុវជនកាកបាទក្រហមកម្ពុជាខេត្ត យុវជនស.ស.យ.ក ខេត្ត ចុះជួយប្រមូលផលដំណាំស្ពៃចង្កឹះរបស់ប្រជាពលរដ្ឋម្នាក់ ឈ្មោះ ម៉ាឡា ភេទស្រី រស់នៅក្នុងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលទទួលរងគ្រោះ លិចអស់ចំនួនជិតកន្លះហិកតា។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ ខណ:ទឹកជំនន់ទឹកភ្លៀងកំពុងតែឡើងជន់ខ្លាំង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់ឱ្យក្រុមការងារចុះទៅជួយប្រមូលផលដកស្ពៃចង្កឹះ របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងខាងលើ។ បើសិនជាទុករយ:ពេលតែ១យប់អាចនឹងរលួយខូចខាតអស់មិនអាចលក់ដូរបាននោះទេ។

ចំណែកប្រជាកសិករ ឈ្មោះ ម៉ាឡា បានលើកឡើងដែរថា៖ ដំណាំដែលរងការខូចខាតនេះ គឺមានទំហំដីជាង (២រ៉ៃ) ជិតកន្លះហិកតា ជាប្រភេទបន្លែស្លឹក (ស្ពៃចង្កឹះ) បានលិចជាច្រើនថ្ងៃមកហើយ ដោយមិនដឹងថា សល់ទិន្នផលប៉ុន្មានភាគរយនោះទេ ទោះបីជាយ៉ាងណា ក៏នាងសូមថ្លែងអំណរគុណដល់លោកជំទាវអភិបាលខេត្ត ដែលបានចាត់ឱ្យក្រុមការងារទៅចុះជួយប្រមូលផលដំណាំ ដែលកំពុងរងគ្រោះ ទាន់ពេលវេលាផងដែរ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *