ខេត្តស្វាយរៀង៖នៅថ្ងៃទី 03 ខែតុលា ឆ្នាំ 2022 រដ្ឋបាលស្រុកបានរៀបចំពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ១ តុលា ក្រោមប្រធានបទ”មនុស្សវ័យចំណាស់ជាមរតកដ៏សំខាន់ក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមជាតិ” នៅទីចាត់ការប្រជាជនកម្ពុជាស្រុករមាសហែក ក្រោមអធិបតីភាព ឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្ត អនុប្រធានទី1 ក្រុមការងារចុះមូលដ្ឋានស្រុករមាសហែក លោក ប៉ែន សុវណ្ណនី ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក ស៊ូ ម៉ុល អភិបាល នៃគណៈអភិបាលស្រុកអស់លោក លោកស្រីអនុប្រធានមន្ទីរលោក អធិការនគរបាលស្រុក សមាជិក សមាជិកាមានលោក លោកស្រី លោកយាយ លោកតា សមាគមមនុស្សចាស់មកពី16ឃុំ សរុបចំនួន 150នាក់។ ក្នងឪកាសនោះផងដែរឯកឧត្តម រស់ ឆាយ បានមានប្រសាសន៍អោយដឹងថា៖ថ្ងៃនេះប្រជាជាតិកម្ពុជាមានសេចក្ដីរីករាយដោយបានចូលរួមជាមួយប្រជាជាតិទូទាំងពិភពលោកប្រារព្ធពិធី អបអរសាទរ – ទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិថ្ងៃទី១ ខែតុលា ឆ្នាំ២០២២»ដែលជាទិវាមួយសម្រាប់រំលឹកគុណដល់មនុស្សវ័យចាស់កម្ពុជាក៏ដូចជាមនុស្សវ័យចាស់នៅទូទាំងសកលលោក និងលើកកម្ពស់មនសិការទទួលខុសត្រូវរបស់យើងក្នុងការចូលរួមកសាងសង្គមជាតិមួយដែលមានការយកចិត្ត ទុកដាក់កាន់តែខ្ពស់ចំពោះសុខុមាលភាពរបស់ប្រជាជនគ្រប់វ័យ ពិសេសចំពោះមនុស្សវ័យចាស់។ ជារៀងរាល់ឆ្នាំ ការប្រារព្ធទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា គឺស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានិងស្របតាមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។ ឯកឧត្ដម រស់ ឆាយ បានបញ្ជាក់ថា៖ក្នុងការប្រតិបត្តិក្នុងសង្គមយើង ប្រជាជនមិនត្រឹមតែមានទម្លាប់គោរពព្រឹទ្ធាចារ្យប៉ុណ្ណោះទ ប៉ុន្ដែថែមទាំងធ្វើឱ្យការគោរពនិងការដឹងគុណមនុស្សចាស់នេះ ក្លាយទៅជាគោលនៃគុណធម៌ដែលបង្កើតបាន ជាវប្បធម៌និងជាប្រពៃណីដ៏ល្អសម្រាប់មនុស្សជំនាន់ក្រោយក្នុងការបន្តបុព្វហេតុការពារនិងកសាងប្រទេសជាតិ របស់ខ្លួនទៀតផង។ ជាងនេះទៅទៀត ព្រឹទ្ធឱវាទនិងដំបូន្មានចាស់ទុំគឺជាផ្នែកមួយនៃមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុង ការអប់រំសីលធម៌និងចរិយាធម៌របស់សង្គមជាតិយើង។ នៅក្នុងន័យនេះ ដើម្បីសម្ដែងនូវការដឹងគុណចំពោះ គុណូបការៈដ៏ថ្លៃថ្លារបស់មនុស្សវ័យចាស់ដែលបានបន្សល់ទុកនូវសមិទ្ធផលនិងមរតកជាច្រើននោះ រាជរដ្ឋាភិបាល បានរៀបចំនិងបង្កើតលិខិតបទដ្ឋានគតិយុត្តនិងគោលនយោបាយជាតិជាបន្តបន្ទាប់ ចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក សំដៅលើកស្ទួយសុខុមាលភាពរបស់មនុស្សវ័យចាស់ឱ្យបានល្អប្រសើរឡើង ក្នុងនោះមានជាអាទិ៍ ការផ្តល់ជូននូវរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ កម្មករ និយោជិត ការបង្កើត មូលនិធិជនពិការ មូលនិធិជាតិជំនួយសង្គម។ ក្នុងនោះដែរ រាជរដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយស្តីពី សុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធនិងនគរបាលត្រៀមចូលនិវត្តន៍។ រាជរដ្ឋាភិបាលក៏បានបង្កើត គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិស្តីពីមនុស្ស វ័យចាស់ ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗសម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្ស វ័យចាស់នៅកម្ពុជា។ ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាលក៏បានចេញក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥ និងគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ផងដែរ។ ក្នុងពេលជាមួយគ្នានេះដែរ សមាគមមនុស្សចាស់និងសមាគមអតីតយុទ្ធជនកម្ពុជា ត្រូវបានបង្កើតឡើង ជាបន្តបន្ទាប់ដើម្បីថែរក្សាឧត្តមប្រយោជន៍ និងគាំទ្រដល់ស្ថានភាពជីវភាពរស់នៅរបស់មនុស្សវ័យចាស់។ មនុស្ស វ័យចាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ។ សកម្មភាពប្រកបដោយសប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែង ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងសង្គម ជាតិយើង។
នៅក្នុងកម្មវិធីនេះលោក លោកស្រី លោកយាយលោកតា ចំនួន 153នាក់ ក្នុងម្នាក់ៗទទួលបាន
-សម្ភារ1កញ្ចប់-សារ៉ុងមួយ-ថវិកា40,000រៀល សរុបសម្ភារ153កញ្ចប់ថវិកា 6,120,000រៀល។
អំណោយរបស់លោកជំទាវ ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀងថវិកា 1,500,000រៀល
2-ឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តអនុប្រធានទី1ក្រុមការងារចុះមូលដ្ឋានស្រុក1,800,000រៀល
3-អនុសាខាកាកបាទក្រហមស្រុកសម្ភារៈ153 កញ្ចប់
4-មន្ទីរសង្គមកិច្ចខេត្ត ថវិកា 2,000,000រៀលសារ៉ុង150
5-មន្ទីរពេទ្យបង្អែក និងការិយាល័យសុខាភិបាលស្រុករមាសហែក550,000រៀល។
6_សាលាស្រុកឃីត១កញ្ចប់(មី ត្រីខ ទឹកត្រីទឹកស៊ីអ៉ីវ ទឹកផ្លៃឈើ )
7-អំណោយតាមវត្ត 900,000រៀល។
៕