ឯកឧត្ដម សុខា រ៉ាម អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៣-២០២៥)

ខេត្តស្វាយរៀង÷នៅថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាស្រុករមាសហែក បានរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក និងឃុំ (២០២៣-២០២៥) នៅថ្នាក់ស្រុកឆ្នាំ២០២២ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខា រ៉ាម  អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត។

អង្គសិក្ខាសាលានេះមានការអញ្ជើញចូលរួមពី:  លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក មេឃុំ ស្មៀនឃុំទាំង១៦ ក្នុងស្រុក មន្ត្រីរាជការសាលាស្រុក ព្រមទាំងតំណាងអង្គការដៃគូ និងអ្នកពាក់ព័ន្ធនានាសរុបចំនួន ៧៩នាក់ ស្រី ៩នាក់។

មានប្រសាសន៍ទៅកាន់ពិធីនេះឯកឧត្តម សុខា រ៉ាម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ -អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ឃុំ សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។

ឯកឧត្ដមបានបន្តថា៖គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះគឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ-អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។

 

លទ្ធផលនៃអង្គសិក្ខាសាលា មានដូចខាងក្រោម ៖ នៅឆ្នាំ២០២៣ ខាងមុខគម្រោង វិនិយោគស្រុករមាសហែក មានចំនួន ៣២គម្រោង មានការសន្យាគាំទ្រចំនួន ២គម្រោង ក្នុងនោះមានការសន្យាគាំទ្រក្នុងគម្រោង ទាំង២គម្រោង ។

ចំពោះគម្រោងវិនិយោគឃុំទាំង១៦ ក្នុងស្រុក មានចំនួន ៧៨៦គម្រោង មានការសន្យាគាំទ្រចំនួន ២៤៦គម្រោង ស្មេីនឹង៣១,៣០% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៧២គម្រោង ស្មេីនឹង២៩,២៨% ហេីយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ១៧៤គម្រោង ស្មេីនឹង ៧០,៧៣%។

You might like

Leave a Reply

Your email address will not be published. Required fields are marked *