បុរសម្នាក់បានទិញថ្នាំញៀនពីម្តុំសង្កាត់ព្រែកថ្មី មកលក់បន្តនៅស្រុកកៀនស្វាយ ត្រូវប៉ូលិសឃាត់ខ្លួន

កណ្តាល ៖ បុរសម្នាក់បានទិញថ្នាំញៀនពីម្តុំសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាង១លានរៀលមកលក់បន្ត ត្រូវបានប៉ូលិសស្រុកកៀនស្វាយឃាត់ខ្លួន កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៨និង១០នាទីយប់ នៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះហេង សំអន ហៅក្រុច ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន២៩កញ្ចប់(ធំ០៤ តូច២៥) ទម្ងន់៤៤,៥២ក្រាម, ២-សម្ភារវេចខ្ចប់និងប្រើប្រាស់មួយចំនួន និង ៣-ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយ ។ប៉ូលិសបន្តថា ដំបូងប៉ូលិសបានពីទទួលព័ត៌មានពីប្រជាពលរដ្ឋល្អបានរាយការណ៍ប្រាប់ថា «មានសកម្មភាពចែកចាយគ្រឿងញៀននៅចំណុចមុខផ្ទះរបស់ឈ្មោះហេង សំអន ហៅក្រុច ភេទប្រុសមានទីលំនៅ ភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល»។ក្រោយពីទទួលបានព័ត៌មានបានភ្លាម កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលភូមិធំ សហការជាមួយកម្លាំងប៉ូលិសជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានចុះដល់ចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យម្នាក់ និង ដកហូតបានថ្នាំញៀនចំនួន២៩កញ្ចប់(ធំ០៤ ,តូច២៥)ដែលជនសង្ស័យទុកនៅថតទូដាក់ខោអាវ ,ក្រោយឆែកឆេររួច បាននាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីសួរនាំ ។នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះហេង សំអន ហៅក្រុច បានសារភាពថា«ថ្នាំញៀនចំនួន២៩កញ្ចប់(ធំ០៤ តូច២៥)ខាងលើគឺជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទៅទិញពីឈ្មោះប៊ី (មិនស្គាល់ត្រកូល)ភេទប្រុស អាយុប្រហែល៣៥ ឆ្នាំ ជនជាតិខ្មែរ នៅម្តុំសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែកញ្ញាឆ្នាំ២០២២ ចំនួនមួយកញ្ចប់ធំ តម្លៃមួយលានសែសិបមុឺនរៀល ហើយបានយកមកវេចខ្ចប់ជាកញ្ចប់តូចៗទុកលក់បន្ត»។ក្រោយពីសួរនាំរួច ជនសង្ស័យរួមជាមួយវត្ថុតាង បានបញ្ចូនទៅអធិការដ្ឋានប៉ូលិសស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី ៕ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *