ខេត្តស្វាយរៀង៖នៅថ្ងៃទី២៥ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង លោកជំទាវ ដោយមានការចូលរួមពីលោក ហែម សុីណា អភិបាលស្រុករំដួល ព្រះគ្រូចៅអធិការវត្តលក្ខរាជា ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញចូលរួមពិធីឆ្លងភ្ជុំបិណ្ឌនៅវត្ត លក្ខរាជា ស្រុករំដួលដោយមានការស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែររាំកំសាន្ត ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ក្នុងឪកាសនោះផងដែរឯកឧត្ដម ម៉ែន អេង អភិបាលរងខេត្តបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស នៃវិទ្យាល័យ ហ៊ុន សែន កំពង់ចក និង ក្រុមសិស្សានុសិស្សវិទ្យាអាល័យ ហ៊ុន សែន កំពង់រោទិ៍ ដែលបានមករាំលេងជាចង្វាក់ រាំវង់ រាំក្បាច់ រាំសារ៉ាវ៉ាន់ ដោយស្លៀកសម្លៀកបំពាក់ជាប្រពៃណីខ្មែរ បែបបូរាណ មានហូល ផាមួង ដើម្បីអបអរសាទរ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ដើម្បីរាំជូនបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទបានទស្សនា ក្នុងបរិវេណ វត្តលក្ខរាជា ស្ថិតនៅក្នុងឃុំកំពង់ចកស្រុករំដួល ខេត្តស្វាយរៀង។
ឯកឧត្តម ម៉ែន អេង បានមានប្រសាសន៍ថា៖ ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់ ប្រជាពលរដ្ឋមានជីវិភាពធូរធារ មានឱកាសសប្បារីករាយ និងបានចូលរួមបុណ្យប្រពៃណីទំនៀមទម្លាប់ ដោយគ្មានការព្រួយបារម្ភនិងភ័យខ្លាច ពិធីបុណ្យបុណ្យភ្ជុំបិណ្ឌរបស់ប្រជាពលរដ្ឋនាពេលនេះបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋមានជំនឿជឿជាក់ យ៉ាងពិតប្រាកដអំពីសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានសម្តេចហ៊ុន សែន ជាមគ្គុទេស ក្នុងការកសាងសុខសន្តិភាព ។
ឯកឧត្ដម ម៉ែន អេង ក៏បានសំណូមពរ និងលើកទឹកចិត្ត ដល់ លោកគ្រូ អ្នកគ្រូ ក៏ដូចជា សិស្សានុសិស្ស ឱ្យខិតខំប្រឹងប្រែងបន្ថែមទៀត និងកែប្រែរាល់ចំណុចខ្វះខាត បំពេញមកវិញនូវចំណុចល្អ ដើម្បីឱ្យកាន់តែមានភាពប្រសើរបន្ថែមជាងនេះ។
ជាមួយគ្នានេះឯកឧត្ដម ក៏បានណែនាំឱ្យប្អូនៗ សិស្សានុសិស្ស ឱ្យខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹង កសាងសមត្ថភាព ប្រកបដោយគុណភាព ដើម្បីរួមចំណែកជួយអភិវឌ្ឍសង្គមជាតិ ឱ្យកាន់តែមានភាពរីកចម្រើនបន្តទៅមុខទៀត។
ក្នុងឱកាសនោះផងដែរព្រះចៅអធិការវត្តលក្ខរាជាបានធ្វើការអំពាវនាវដល់សប្បុរសជនជួយបន្តការឧបត្ថម្ភក្នុងការកសាងក្លោងទ្វារចូលវត្តលក្ខរាជានិងកសាងសមិទ្ធផលនានាថែមទៀតនៅក្នុងបរិវេណវត្តលក្ខរាជា។
បញ្ជាក់ថាៈ ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យប្រពៃណីខ្មែរមួយ ក្នុងចំណោមពិធីបុណ្យប្រពៃណីផ្សេងៗទៀត ដែលប្រជាជនខ្មែរបានប្រារព្ធធ្វើ ហើយជារៀងរាល់ឆ្នាំ ពិធីបុណ្យភ្ជុំបិណ្ឌ តែងតែប្រារព្ធធ្វើរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃ១រោច ខែ ភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែ ភទ្របទ ដែលពិធីបុណ្យនេះ បានចាត់ទុកថាជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និង ការឧទ្ទិសមគ្គផលជូនដល់បុព្វការីជន ដែលបានចែកឋានទៅហើយអោយបានទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយផងដែរ ៕