រដ្ឋបាលស្រុកចន្ទ្រានាំយកអំណោយរបស់ព្រះគ្រូចៅអធិការវត្តព្រៃគគីរដួច ចែកជួនដល់លោកយាយ លោកតានិងប្រជាពលរដ្ឋទាំង៥ភូមិក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា នៅវត្តព្រៃគគីរដួចចំនួន ៧០គ្រួសារ

ខេត្តស្វាយរៀង៖នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២នេះលោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា ព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណថ្នាក់កិត្តិយស និងជាព្រះវិន័យធរគណខេត្ត ក្នុងពិធីសំណេះសំណាល និងចែកអំណោយជូនដល់ លោកយាយ លោកតាបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតកចំនួន៥ភូមិ ក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា នៅវត្តព្រៃគគីរដួច ស្ថិតក្នុងឃុំព្រៃគគីរ ស្រុក ចន្ទ្រា ខេត្តស្វាយរៀង។

ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោក លោកស្រីប្រធានការិយាល័យ និងអង្គភាពចំណុះសាលាស្រុក លោក លោកស្រីក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោក លោកស្រីមេភូមិ អនុភូមិគ្រប់ភូមិក្នុងឃុំព្រៃគគីរ ។

ក្នុងឱកាសនោះផងដែរលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានមានអោយដឹងថា៖ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនជាបន្តបន្ទាប់និងធ្វើឲ្យប្រជាពលរដ្ឋមានជីវិភាពធូរធារ មានឱកាសសប្បារីករាយ និងបានចូលរួមបុណ្យប្រពៃណីទំនៀមទម្លាប់ ដោយគ្មានការព្រួយបារម្ភនិងភ័យខ្លាច ហើយប្រជាពលរដ្ឋមានជំនឿជឿជាក់ យ៉ាងពិតប្រាកដអំពីសន្តិភាពដែលមាននាពេលបច្ចុប្បន្ននេះ ដែលមានសម្តេចហ៊ុន សែន ជាមគ្គុទេស ក្នុងការកសាងសុខសន្តិភាព។

លោកអភិបាលស្រុកចន្ទ្រាបានអោយដឹងទៀតថា៖ការរីកចម្រើនរបស់ប្រទេសជាតិ គឺមិនអាចកាត់ផ្តាច់បានពីការចូលរួមពីមនុស្សគ្រប់ជំនាន់ ពិសេសមនុស្សដែលមានវ័យចំណាស់នាពេលនេះ ដែលគាត់បានចូលរួមច្រើនក្នុងការ តស៊ូគ្រប់កាលៈទេសៈ ក្នុងបុព្វហេតុសន្តិភាព និងភាពសុខសាន្តរបស់មនុស្សជំនាន់ក្រោយ ដែលតំរូវឱ្យយើងត្រូវតែយកចិត្តទុកដាក់មើលថែរក្សាពួកគាត់ឱ្យបានល្អ ។

លោក ថន ថាវុទ្ធា បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នានិងត្រូវនណែនាំកូនចៅឲ្យជៀសឲ្យផុតពីការប្រើប្រាស់គ្រឿងញៀន (ទាំងការសេព ការជួញដូរគ្រឿងញៀន និងការសេពគ្រឿងស្រវឹង)ត្រូវចូលរួមគោរពតាមវិធានការណ៍ ៣ការពារ៣កុំ ទាំងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក៏ដូចជាជំងឺឆ្លងផ្សេងៗ ចូលក្នុងសហគមន៍ ជាពិសេស ត្រូវចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ជៀសឲ្យឆ្ងាយពីការប្រព្រឹត្តនូវល្បែងស៊ីសង ដែលនាំឲ្យអន្តរាយដល់សង្គមជាតិ និងសង្គមគ្រួសារ។

អំណោយដែលចែកជូនដល់លោកយាយ លោកតានិងប្រជាពលរដ្ឋទាំង៥ភូមិ ក្នុងឃុំព្រៃគគីរ ស្រុកចន្ទ្រា នៅវត្តព្រៃគគីរដួច ចំនួន ៧០គ្រួសារ ក្នុង១គ្រួសារទទួលបាន រួមមានអង្ករ២៥គីឡូ គ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ៥០,០០០រៀល សរុបថវិកា ៣,៥០០,០០០រៀល ដែលជាអំណោយរបស់ព្រះវិមិត្តសត្ថា ជុំ ចន្ថា ព្រះរាជាថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង និងព្រះគ្រូសិរីវុឌ្ឍាភិរង្សី សូរ គន្ធា ព្រះសមុហ៍អនុគណស្រុកចន្ទ្រា និងជាព្រះគ្រូចៅអធិការវត្តព្រៃគគីរដួច ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *