កណ្តាល ៖ ប៉ូលិសស្រុកពញាឮ បានឃាត់ខ្លួនបុរសម្នាក់ដែលធ្លាប់លួច ឆក់ យ៉ាងសកម្មរាប់ភ្លេច ចុងក្រោយប្រើកាំបិតផ្កាក់ចូលលួចទ្រព្យសម្បត្តិក្នុងផ្ទះអាជីវករម្នាក់បានសម្រេច កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ០២និង៤០នាទី (ម៉ោងមើលកាមេរ៉ាសុវត្ថិភាព)នៅចំណុចភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ម៉ៅ សំណាង ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ប្រេងសាំងនិងម៉ាស៊ូត មានទីលំនៅភូមិទួលងោក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។សម្ភារបាត់បង់រួមមាន ប្រាក់ខ្មែរចំនួន២០ម៉ឺនរៀល( ម្ភៃម៉ឺនរៀល),កាបូបស្ពាយពីក្រោយ ចំនួនមួយ និង ទឹកអប់ចំនួន ១០ ដប។
ចំណែកជនសង្ស័យឈ្មោះ ហ្ស៊ី ផាដា ហៅខ្លា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ជាមុខសញ្ញាធ្វើសកម្មភាពលួចនិងឆក់សកម្ម។
វត្ថុតាងចាប់យក ១-កាំបិតផ្កាក់១ផ្លែដែកដងធ្វើពីឈើប្រវែង ៥០ សង់ទីម៉ែត្រ,២-បណ្ណបើកបរចំនួន០១សន្លឹក , ៣-បណ្ណសម្គាល់យានយន្តចំនួន០១សន្លឹក, ៤-កាតវីង ចំនួន០២សន្លឹក, ៥-អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០២សន្លឹក, ៦-បណ្ណចាក់វ៉ាក់សាំងកូវីត១៩ ចំនួន០២សន្លឹក, ៧-បណ្ណសមាជិក ប.ស.ស ចំនួន០១សន្លឹកនិង៨-វិទ្យុទាក់ទងចំនួន២គ្រឿង
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២វេលាម៉ោង៩និង៤២នាទីព្រឹក ជនរងគ្រោះឈ្មោះ ម៉ៅ សំណាង បានដាក់ពាក្យបណ្តឹងចូលមកប៉ុស្តិ៍រដ្ឋបាលកំពង់លួង ប្តឹងពីជនមិនស្គាល់អត្តសញ្ញាណ ដែលបានចូលមកធ្វើសកម្មភាពលួច ទ្រព្យសម្បត្តិរួមមាន ប្រាក់រៀលចំនួន២០ម៉ឺនរៀល(ម្ភៃម៉ឺនរៀល),ទឹកអប់ចំនួន១០ដប និង កាបូបស្ពាយពីក្រោយចំនួនមួយ ដោយប្រើប្រាស់កាំបិតផ្គាក់របស់ខ្លួនធ្វើសកម្មភាពចូលលួចទ្រព្យសម្បត្តិនៅក្នុងបន្ទប់។
ខណៈពេលជនសង្ស័យចេញមកវិញ ជនសង្ស័យបានកាន់កាំបិតចង្អុលគំរាមមកលើកម្មករលក់ប្រេងរបស់ជនរងគ្រោះ មិនឱ្យប្រាប់អ្នកនៅជិតខាងឡើយ រួចហើយជនសង្ស័យបានគេចខ្លួនបាត់។
បន្ទាប់ពីទទួលបានពាក្យបណ្តឹងភ្លាម លោកនាយប៉ុស្តិ៍កំពង់លួង បានបញ្ជាកម្លាំងជំនាញឱ្យចុះសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍កំពង់លួង ចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ពេលទៅដល់កម្លាំងជំនាញបានពិនិត្យកន្លែងកើតហេតុ សាកសួរជនរងគ្រោះនិងស្រាវជ្រាវនៅជុំវិញទីកន្លែងកើតហេតុរួចហើយកម្លាំងជំនាញបានសហការជាមួយជនរងគ្រោះជាមួយម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈឆែកមើលកាមេរ៉ា សុវត្ថិភាពនៅកន្លែងកើតហេតុ ។
ក្រោយមកកម្លាំងជំនាញនិងកម្លាំងប៉ុស្តិ៍ដោយមានការចូលរួមពីប្រជាពលរដ្ឋល្អ ក៏ឈានទៅកំណត់អត្តសញ្ញាណ ជនសង្ស័យឈ្មោះ ហ្ស៊ី ផាដា ហៅ ខ្លា ភេទប្រុសមានទីលំនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ ហើយកម្លាំងជំនាញចុះស្រាវជ្រាវជាមួយកម្លាំងប៉ុស្តិ៍ផ្សារដែកនិងបណ្ដាលប៉ុស្តិ៍ផ្សេងៗ ដើម្បីស្វែងរកនាំខ្លួនជនសង្ស័យមកសាកសួរនៅវេលាម៉ោង៩និង២៦នាទីយប់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហ្ស៊ី ផាដា ហៅខ្លា បានឆ្លើយសារភាពថា«ខ្លួនពិតជាបានចូលធ្វើសកម្មភាពលួចទ្រព្យសម្បត្តិដូចជនរងគ្រោះរៀបរាប់ខាងលើពិតប្រាកដមែន។ កន្លងមករូបខ្លួនធ្លាប់ធ្វើសកម្មភាពលួចម៉ូតូតាម ឃុំផ្សារដែក ក្នុងស្រុកពញាឮ សរុប០៩គ្រឿង ,នៅឃុំវិហារលួង ចំនួន០៨គ្រឿង ,ឃុំកំពង់លួង ចំនួន០៤គ្រឿង និង ឆក់កាបូប សរុបចំនួន១១លើក បានសម្រេចចំនួន០៨លើក ក្នុងស្រុកពញាឮ និង ធ្វើសកម្មភាពលួចម៉ូតូម្តុំផ្សារត្រាច៣លើកបានសម្រេចនិងលួចគាស់ផ្ទះរបស់ប្រជាពលរដ្ឋ១លើកពុំបានសម្រេច ធ្វើសកម្មភាពលួចគាស់តូបលក់ទូរសព្ទនៅផ្សារឧដុង្គ០១លើកយកបានទូរសព្ទដៃចំនួន៥០គ្រឿង(ខូច៣០គ្រឿង)»។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ ភាវុន