អភិបាលខេត្តប៉ៃលិន និងមន្ត្រីក្រោមឱវាទបានប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី១១ នៅវត្តរតនសោភ័ណ ហៅវត្តកោងកាង

ខេត្តប៉ៃលិន ៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការគ្រប់អង្គភាព បាននាំយកចង្ហាន់និងទេយ្យទាន ព្រមទាំងបច្ច័យ ទៅវេរប្រគេនចំពោះព្រះសង្ឃនាបុណ្យកាន់បិណ្ឌទី១១ នៅវត្តរតន:សោភ័ណ ហៅវត្តកោងកាង ស្ថិតក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុង/ខេត្តប៉ៃលិន ដើម្បីរំលឹក និងតបស្នងសងគុណ ឧទ្ទិសកុសលដល់បុព្វការីជន មានជីដូន ជីតា មាតា បិតា និងញាត្តិការទាំង៧សន្តាន ព្រមទាំងយុទ្ធជន ដែលបានពលីក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិផងដែរ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលប្រជាពលរដ្ឋខ្មែរនិយមធ្វើតៗ គ្នានេះ ក្នុងគោលបំណងវេរប្រគេននូវគ្រឿងបរិក្ខា និងបច្ច័យសម្រាប់ប្រើប្រាស់ និងកសាងសមិទ្ធិផលនានាក្នុងវត្ត។ នៅក្នុងវិស័យព្រះពុទ្ធសាសនា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីនេះមានរយៈពេល១៥ថ្ងៃ ដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ហើយជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកំណើត ដើម្បីរៀបចំម្ហូបអាហារ បាយ សម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅទីវត្ត ជាទម្លាប់មួយរបស់ជនជាតិខ្មែរយើងជាយូរលង់មកហើយ។

ជាមួយនឹងពិធីកាន់បិណ្ឌទី១១នេះ លោកជំទាវ បាន ស្រីមុំ ក្នុងនាមថ្នាក់ដឹកនាំ ក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅខេត្តប៉ៃលិន ជាពិសេសបារមីលោកយាយយ៉ាត ជួយថែរក្សាលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបតែសេចក្តីសុខ ចម្រុងចម្រើន ប្រកបរបរទទួលទានមានបាន ជៀសផុតពីគ្រោះធម្មជាតិនានា ពិសេសក្នុងឱកាសបុណ្យភ្ជំបិណ្ឌនេះ សូមបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា ។

ក្នុងពិធីនេះផងដែរ លោកជំទាវអភិបាលខេត្ត ក៏បានប្រគេនបាយ សម្លរ នំ ចំណី ទេយ្យទាន មួយចំនួនដូចជា មី ចំនួន១០កេស ត្រីខ ចំនួន១០ដុំ អង្ករចំនួន១៥០គីឡូក្រាម ទឹកដោះគោ Soymilk ចំនួន ១កេស ទឹកដោះគោក្រហម ចំនួន២កេស ឡេកតាសយ  ចំនួន២កេស ទឹកដោះគោ Season ចំនួន២កេស រួមជាមួយថវិកា២លានរៀលទុកសំរាប់កសាងវត្តអារាម  និងជូនបច្ច័យមួយចំនួន ដល់ដូនជី តាជី និងចាស់ៗមួយចំនួនផងដែរ៕ ដោយ ៖ នីយ៉ា

You might like

Leave a Reply

Your email address will not be published. Required fields are marked *