បន្ទាយមានជ័យ៖ ទុរស្សេខ្សែភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងខូចខាតទ្រព្យសម្បត្តិសរុបជាទឹកប្រាក់ប្រមាណ៧០០០ដុល្លារ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣.០០នាទីរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ក្នុងភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ពេលហេតុការណ៍កើតឡើង លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត អាជ្ញាធរ ប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ច នគរបាល អាវុធហត្ថ យោធាសឹងរងក្រុងប៉ោយប៉ែត ជាច្រើននាក់បានជួយអន្តរាគមន៍យករថយន្តពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត១គ្រឿង រួមទាំងរថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា១គ្រឿង។
លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ម្ចាស់ផ្ទះឈ្មោះ ស្រេង ពន្លក ភេទប្រុស អាយុ៥៣ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅកន្លែងហេតុ។ ផ្ទះដែលឆាបឆេះនេះ គឺមានទំហំ៤គុណ២០ម៉ែត្រ ផ្ទះថ្មដំបូលស័ង្គសី មូលហេតុដែលបណ្តាលឲ្យឆេះគឺដោយសារទុរស្សេចរន្តអគ្គីសនីឆេះចេញពីជាន់ឡៅតឺ ដែលឆេះខូចខាតទ្រព្យសម្បត្តិ៍សរុបជាទឹកប្រាក់អស់ប្រមាណ៧០០០ដុល្លារអាមេរិក។
លោកវរសេនីយឯក សៅ សារឿន បញ្ជាក់ថា៖ ក្រោយពីទទួលបានដំណឹងថាមានករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ លោកដាក់បទបញ្ជារឲ្យកម្លាំងជំនាញយករថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមួយគ្រឿង និងមាន រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនត្រូពីកាណាមួយគ្រឿងចូលរួមសហការណ៍បាញ់ពន្លត់ដោយប្រើប្រាស់ទឹកចំនួន២រថយន្ត អគ្គីភ័យត្រូវបានរលត់ទាំងស្រុងតែម្តង៕ដោយ៖សៅ នៅ