ខេត្តស្វាយរៀង៖បុរសរងរបួសត្រង់ប្រអប់ខ្នងដៃខាងឆ្វេងមួយកន្លែងនិងកំភួនជើងខាងស្ដាំមួយកន្លែងខណៈដែលស្រវឹងស្រាជោគជាំហើយមិនព្រមដេកពួនបែរជាស្រែកឡូឡាគ្មានអ្នកណាដេកត្រូវអ្នកជិតខាងខឹងចេញមកសំពងពីរបីគល់ឬស្សីផ្អើលអ្នកភូមិនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងត្របែក ឃាត់ខ្លួនជនសង្ស័យបង្កហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស។
ករណីហិង្សានេះបានកើតឡើងវេលាម៉ោង៣និង២០នាទីរសៀលថ្ងៃទី១៩ខែ កញ្ញាឆ្នាំ ២០២២ ស្ថិតនៅភូមិ ជីកដី ឃុំ អណ្ដូងត្របែក ស្រុក រមាសហែក ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានអោយដឹងថា៖នៅមុនពេលកើតហេតុនោះគេឃើញជនរងគ្រោះបានផឹកស្រាស្រវឹងទៅហើយ ហើយក៏បានស្រែកឡូឡារយ៉ាងខ្លាំងធ្វើអោយអ្នកភូមិនៅផ្ទះក្បែគ្នាថ្លង់ដេកមិនលក់នោះដែរ។
ប្រភពបានបន្តទៀតថា៖មួយសន្ទុះក្រោយមកស្រាប់តែបុរសម្នាកទៀតអ្នកផ្ទះក្បែរគ្នា (ជនសង្ស័យ) បានចេញមកទាញយកកៅអីជ័រ២ត្រួតគ្នាវាយទៅលើជនរងគ្រោះប៉ុន្តែជនរងគ្រោះបានគេចផុតក៏ត្រូវនឹងសសរផ្ទះបាក់កៅអី
ដោយខឹងពេកមិនអស់ចិត្តក៏ស្ទុះទាញបានដំបងដើមឫស្សីមួយកំណាត់ដើរចូលទៅវាយទៅលើជនរងគ្រោះបន្តបណ្ដាលឲ្យរងរបួសដាច់ហូរឈាមនៅត្រង់ប្រអប់ខ្នងដៃខាងឆ្វេង ១កន្លែងនិងកំភួនជើងខាងស្ដាំ១កន្លែងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិចេញមកជួយឃាត់។
ក្រោយកើតហេតុនោះជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនយកមកធ្វើការសួរនាំនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលអណ្ដូងត្របែក ដោយជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបាន ប្រើហិង្សាទៅលើជនរងគ្រោះពិតប្រាកដមែន។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា៖ជនសង្ស័យមានឈ្មោះ ឆាន ចន្ធី អាយុ ២៧ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែកខេត្តស្វាយរៀង។
ចំណែកជនរងគ្រោះមានឈ្មោះនុន ផល្លា អាយុ៦៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករ រស់នៅភូមិ ឃុំជាមួយគ្នា។
បន្ទាប់ពីបានស្ដាប់ចម្លើយសារភាពពីជនសង្ស័យរួចមកសមត្ថកិច្ចបានរាយការណ៍សុំយោបល់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕