ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ពលរដ្ឋក្នុងភូមិនិងក្រុមគ្រួសាររត់ទៅជួយលើកយកមកជួយសង្គ្រោះខណៈដែលលាន់លឺសំឡេងដូចផ្ទុះមីងតោន បន្ទាប់ពីកំពុងតែមេឃភ្លៀងលាយខ្យល់កន្ត្រាក់ និងមានរន្ទះបាញ់ប៉្រាវមួយគ្រាប់បណ្ដាលឱ្យបុរសម្នាក់ដែលកំពុងឃ្វាលក្របីនៅវាលស្រែជាប់ព្រំដែនកម្ពុជា-វៀតណាមដេកដួលសន្លប់ប៉ុន្តែអកុសលយឹតពេលទៅហើយដោយជនរងគ្រោះស្លាប់បាត់បង់ជីវិតទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២២ស្ថិតនៅវាលស្រែត្រង់ចំណុចភូមិ ក្រាំងលាវ ឃុំស្វាយធំ ស្រុក ស្វាយជ្រំ ខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ សឹម អ៊ែន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ស្វាយ ឃុំ ស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមអ្នកភូមិបានឱ្យដឹងថា៖នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានទៅឃ្វាលក្របីនៅឯកណ្ដាលវាលស្រែមួយសន្ទោះក្រោយមកស្រាប់តែមានភ្លៀងធ្លាក់ស្រិចៗលាយជាមួយខ្យល់ន្ត្រាក់បោកបក់យ៉ាងខ្លាំង។
ប្រភពបានបន្តទៀតថា៖លុះប្រមាណជាកន្លះម៉ោងក្រោយមកស្រាប់តែលឺប៉្រាវដូចផ្ទុះមីងតោនចឹង(រន្ទះបាញ់មួយគ្រាប់)ភ្លឺងងឹតមេឃចំជនរងគ្រោះបណ្ដាលឱ្យដួលលើដីទើបបង្កការភ្ញាក់ផ្អើលនាំគ្នារត់ទៅលើកដើម្បីធ្វើការសង្គ្រោះតែប៉ុន្តែគាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។
ក្រោយពីជួបគ្រោះធម្មជាតិដ៏អាក្រក់នេះមកសមត្ថកិច្ចនគរបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសពបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ទើបបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីជាតិខ្មែរ៕