ព្រះវិហារ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារយោធាខេត្ត ក្រុមការងារ ស.អ.ក ខេត្ត ប្រធាន/អនុប្រធាន ស.អ.ក ស្រុក ប្រធានសាខាឃុំ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនអតីតយុទ្ធជនចំនួន ៣៥គ្រួសារ និងប្រជាពលរដ្ឋក្រីក្រ ចំនួន ០៥គ្រួសារ មកពីបណ្តាឃុំនានា ក្នុងស្រុកជ័យសែន ។
នាឱកាសនោះ ឯកឧត្តម ប្រធាន ស.អ.ក.ខេត្ត បានពាំនាំនូវមតិផ្តាំផ្ញើរសាកសួរសុខទុក្ខ រួមជាមួយអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី មកចែកជូនដល់បងបង្អូន អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនេះផងដែរ ។
អំណោយដែលបានឧបត្ថម្ភដល់ អតីតយទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ក្នុង ១គ្រួសារៗ ទទួលបាន : ១.អង្ករ ១ប៉េ ស្មើ៣០គីឡូក្រាម ២.មីជាតិ ១កេស ៣.ត្រីខ ១យួ ៤.ថវិកាចំនួន ២០,០០០រៀល ។ បន្ទាប់មក ឯកឧត្តម ប្រធាន បានបន្តដឹកនាំក្រុមការងារចុះប្រគល់ថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤លានរៀល ជូនដល់ក្រុមគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ដែលមានឈ្មោះ ហ៊ិន ស៊ឹម ភេទប្រុស អាយុ៦២ឆ្នាំ មុខសញ្ញាជនពិការ បានទទួលមរណៈភាពនៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ផងដែរ៕