ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារៈ នៅព្រឹក ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២២នេះ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានដឹកនាំ លោក លោកស្រី ស្នងការរង អញ្ជើញចូលរួម ប្រារព្ធពិធីប្រគេនទៀនព្រះវស្សា ដល់វត្តទាំង២០ នៅក្នុងស្រុកគូលែនជើង និងចែកអំណោយដល់ យាយជី តាជី ចំនួន១០០នាក់ និងជនពិការជីវភាពខ្វះខាត ចំនួន៦០នាក់ នៅមជ្ឈមណ្ឌល វិបស្សនាធុរះ ភូមិភាគឦសាននៃកម្ពុជា (ហៅវត្តពោធិ៥០០០ដើម) ស្ថិតក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តបានលើកឡើងថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយដូចនេះហើយ ទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា មានលទ្ធភាពកសាងសមិទ្ធផលសង្គមនានា និងការអភិវឌ្ឍហេដ្ឋារចនាសមន្ព័ន្ធខ្វាត់ខ្វែងធ្វើឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ហើយមានឱកាសបានធ្វើបុណ្យធ្វើទានឡើងវិញ គ្រប់ទីកន្លែងទូទាំងប្រទេស។ ឧត្តមសេនីយ៍ទោ ស្នងការ បានបញ្ជាក់ថា សន្តិភាពជាមូលដ្ឋានគ្រឹៈដ៍សំខាន់ឈានទៅរកវឌ្ឍនៈភាព និងជឿនលឿននៅកម្ពុជា សន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន សន្តិភាពនឹងនៅបន្តភាពរឹងមាំ មិនបាត់ បង់នោះឡើយសម្រាប់ប្រទេសជាតិនិងប្រជាជន។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគេន បច្ច័យ និងទេយ្យទាន រួមជាមួយសម្ភារៈបរិក្ខាប្រគេនព្រះសង្ឃក្នុងមួយវត្តៗទទួលបាន ៖ ទៀនព្រះវស្សា០១គូរ. សាដក់០១.អង្ករ៥០គីឡូក្រាម. មី០១កេស. ទឹកសុីអុីវ០១យួរ. ត្រីខ០១យួរ .សៀងចំនួន៥លីត្រ. ទឹកសុទ្ធ៩យួរ និងបច្ច័យ ២០០.០០០រៀល។
ជូនជនពិការចំនួន៦០នាក់ ក្នុងមួយនាក់ៗទទួលបានអង្ករ ២៥គីឡូក្រាម. មី០១កេស. ទឹកសុីអុីវ០១យួរ ទឹកបរិសុទ្ធ០១យួរ .តែ០១កញ្ចប់. ស្ករស០១គីឡូក្រាមនិងថវិកា៣០.០០០រៀល
ជូនតាជីយាយជី ១០០នាក់ ក្នុងមួយនាក់ៗទទួលបាន ក្រម៉ាចំនួន០១ និងថវិកា ១០.០០០រៀល។
បច្ច័យសរុបចំនួន ៤០.៣០០.០០០រៀល បច្ច័យទាំងអស់បានចូលរួមពី លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត និង ព្រះសីមានុចារីបាឡាត់ វិមុត្តិ សៀន គុណលាភ ផងដែរ៕