អាជ្ញាធរខេត្ដសៀមរាប ផ្ដល់ឱ្យកាសឱ្យមន្ដ្រីរាជការ ចេះជំនាញសរសេរព័ត៌មាន

សៀមរាប: មន្ដ្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ប្រមាណជិត១០០នាក់ មកពីតាមបណ្ដាអង្គភាព ស្ថាប័នរដ្ឋប្រមាណជាង៤០កន្លែងក្នុងខេត្ដសៀមរាបបានចូលរួមបណ្ដុះបណ្ដាលសរសេរព័ត៌មានបឋមឬមូលដ្ឋាគ្រិះនៃសារព័ត៌មាន ដើម្បីយកទៅបំរើឱ្យស្ថាប័នរបស់ខ្លួន សម្រាប់រាយការណ៍ជូនរាជរដ្ឋាភិបាល ឬមន្ទីរអង្គភាពពាក់ព័ន្ធ។ការបណ្ដុះបណ្ដាលនេះធ្វើឡើង នៅសាលាខេត្ដសៀមរាប មានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ ខែកក្កដាឆ្នាំ២០២២នេះ ។

លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ដសៀមរាប មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលផ្នែកសរសេរព័ត៌មានបឋមនេះ ធ្វើឡើងជាលើកទីមួយ ក្នុងគោលបំណង ឱ្យមន្ដ្រីរាជការនៅតាមសន្ថាប័នរបស់រដ្ឋ មានសមត្ថភាពរាយការណ៍នូវព្រឹត្ដិការណ៍ និងសរសេរព័ត៌មានបឋម ដែលអង្គភាពរបស់ពួកគាត់បានសម្រេចរួចហើយ ផ្សាយទៅរាជរដ្ឋាភិបាល និងសាធារណៈជនឱ្យបានដឹង និងដើម្បីឱ្យពួកគាត់ចេះជំនាញជាអ្នកនាំពាក្យនៅក្នុងអង្គភាព តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រោយពេលដែលច្បាប់សិទ្ធិទទួលព័ត៌មានបានចេញជាផ្លូវការនាពេលខាងមុខ។លោកបានបន្ដថា មន្ដ្រីរាជការទាំងនោះមិនធ្លាប់បានទទួលនូវទម្រង់ការសរសេរព័ត៌មានអាជីពនោះទេ ប៉ុន្ដែបើសិនពួកគេបានយកចិត្ដទុកដាក់ស្វែងយល់ក្នុងវគ្គបណ្ដុះបណ្ដាលនេះ អាចនឹងចេះសរសេរព័ត៌មាន ដូចអ្នកព័ត៌មានអាជីពដែរ។លោកបន្ដថា ការបណ្ដុះបណ្ដាលដល់មន្រ្ដីរាជការនេះ មានសារសំខាន់ខ្លាំងការសរសេរព័ត៌មាននៅអង្គភាពរបស់ខ្លួន។លោកបានបន្ដថា សិក្ខាមដែលបានបណ្ដុះបណ្ដាលនេះ មកពីស្ថាប័នជាង៤០កន្លែង រួមមាន សមត្ថកិច្ចនគរបាល ស្ថាប័នតុលាការ អាជ្ញាធរជាតិអប្សរា កងកម្លាំងយោធាយោធភូមិភាគទី៤និងរដ្ឋបាលខេត្ដ ស្រុក ក្រុងទូទាំងខេត្ដសៀមរាបផងដែរ។

លោក លី សំរិទ្ធិ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា វិស័យព័ត៌មានព្រៀបដូចជាស្មៅដែលគេយកទៅដាំក្នុងសួន ហើយត្រូវបានគេថែទាំរៀងរាល់ថ្ងៃ ដើម្បីឱ្យរុក្ខជាតិនេះមានសម្រស់ស្អាត និងមានការចាប់អារម្មណ៍ពីមហាជន ពោលវិស័យព័ត៌មាន ជាផ្នែកមួយបានផ្សារភ្ជាប់ទំនាក់ទំនងគ្នារវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ តាមរយៈការផ្សព្វផ្សាយព័ត៌មាន ដើម្បីចូលរួមរក្សាសសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈបានល្អ ប៉ុន្ដែបើផ្សាយព័ត៌មានមិនពិត បំពុលសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល អាជ្ញាធរមានសមត្ថកិច្ច និងប៉ះពាល់ដល់សិទ្ធិបុគ្គល ។លោកបានបន្ដថា ការសរសេរព័ត៌មានត្រូវគិតពីការអភិវឌ្ឍន៍ មិនត្រូវសរសេរតាមការញុះញង់ពីបក្សពួកខាងណានោះឡើយ ដែលនាំឱ្យព័ត៌មាននោះគ្មានន័យ។លោកបន្ដថា ការបណ្តុះបណ្តាលវិស័យព័ត៌មាននេះ បានជួយលើកកម្ពស់វិស័យព័ត៌មានឱ្យកាន់តែមានភាពសម្បូរបែប ស្របតាមផែនការ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងបរិបទ “ព័ត៌មាននាសម័យឌីជីថល” ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយ៉ាងត្រឹមត្រូវនូវផែនការ និងយុទ្ធសាស្ត្រនានា សំដៅការលើកកម្ពស់វិស័យព័ត៌មានក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យដើរទាន់សភាពការណ៍សកលភាវូបនីយកម្ម តាមរយៈការបង្កើតនូវបណ្តាញទំនាក់ទំនងសង្គម៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *