ខេត្តរតនគិរី ៖ យុវជនចំនួន១០នាក់ ដែលមានបំពាក់ដាវកាំបិតនិងឧបករណ៏ គ្រោះថ្នាក់ផ្សេងៗទៀត ទៅស្នងការដា្ឋននគរបាលខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សេចក្តីរាយការណ៏បានឲ្យដឹងថា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តរតនគិរី បានសម្របសម្រួលដល់សមត្ថកិច្ចចុះបង្ក្រាបក្រុមក្មេងទំនើងក្នុងខេត្តរតនគិរី វេលាម៉ោង ២២ និង ០៣ នាទីយប់ នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០២២ ។
សេចក្តីរាយការបន្តថា កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានល្បាតក្នុងភូមិសាស្ត្រក្រុងបានលុងដោយឃើញមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃ សមត្ថកិច្ចបានសុំឆែកឆេរ ប្រទះឃើញដាវកែច្នៃ២ដើម និង កាំភ្លើងកែច្នៃ១ដើម បានធ្វើការឃាត់ខ្លួន ដោយមានការសម្រួលនីតិវិធី ពីលោក មុតសម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត ។ ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ (ដាវកែច្នៃនិងអាវុធកែច្នៃ) ហើយឃាត់ខ្លួនចំនួន១០នាក់ ប្រុស ១០ នាក់។
សមត្ថកិច្ចបានដកហូតសំភារៈមាន៖ ដាវកែច្នៃចំនួន ២ដើម កាំភ្លើងកែច្នៃចំនួន ១ គ្រាប់កង់ និង រំសេវសំរាប់ប្រើជាមួយកាំភ្លើងកែឆ្នៃ ខ្សែកាបម៉ាស៊ីនកាត់ស្មៅ១ ជំពាមកៅស៊ូចំនួន ១ កាបូបលុយចំនួន ១ ទូរស័ព្ទចំនួន ៧ គ្រឿង ម៉ូតូចំនួន០៧ គ្រឿង ខ្សែក្រវ៉ាត់ចំនួន០៤ មួកសុវត្តភាពចំនួន០២ ។
គិតត្រឹមព្រឹកថ្ងៃទី១៨ កក្កដា ២០២២ ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានឃាត់ទុកបណ្តោះអាសន្ននៅ ការិយាល័យជំនាញ ដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿង បញ្ជូនទៅអយ្យការសាលាដំបូងខេត្ត តាមនិតិវិធី៕