ឯកឧត្តម អ៊ុន ចាន់ដា អញ្ជេីញបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២២

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងថា វិស័យអប់រំកាយ និងកីឡា គឺជាវិស័យមួយដែល សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាគ្រប់ប្រភេទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងចាត់ទុកថា ជាវិស័យមួយដ៏មានសារៈសំខាន់បំផុតក្នុងការអភិវឌ្ឍប្រទេសជាតិ សម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង និងច្រើនសន្ធឹកសន្ធាប់ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ សាសនា ការកាត់បន្ថយភាពក្រីក្រ ការពារសិទ្ធិសេរីភាព សេចក្ដីថ្លៃថ្នូររបស់មនុស្ស លទ្ធិប្រជាធិបតេយ្យ រស់នៅសុខសាន្តក្រោមដំបូលសុខសន្តិភាព សុខដុមរមនាត្រជាក់ត្រជុំ ប្រកបដោយសិរីមង្គលវិបុលឧត្ដមថ្លៃថ្លាបំផុត ។

ឯកឧត្តមថ្លែងនៅក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២២ នៅទីលានបាល់ទះ ក្រុងកំពង់ចាម កំពង់ចាម នាព្រឹកថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ នេះ ។

ឯកឧត្តមបន្តថា ថ្វីត្បិតដំណើរការប្រកួតកីឡាក្នុងរយៈពេលពីរឆ្នាំកន្លងមក ត្រូវបានអាក់ខានដោយសារវិបត្តិជំងឺកូវីដ-១៩ ។

ឯកឧត្តមបញ្ជាកថា ពិតណាស់យើងអាចមានឱកាសជួបជុំនានា រួមទាំងរៀបចំកម្មវិធីប្រកួតកីឡានាឱកាសនេះ ដោយសារក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំស្វែងរកវ៉ាក់សាំងសំរាប់ចាក់ស្រោចដល់ប្រជាពលរដ្ឋយើងដោយឥតគិតថ្លៃ មកដល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋ ក្មួយៗសិស្សានុសិស្សបានចាក់វ៉ាក់សាំងដូសមូលដ្ឋាន និងដូស ជំរុញ ហើយតាមរយៈវ៉ាក់សាំងនេះ បានបង្កើតនូវភាពស៊ាំក្នុងសហគមន៍ ទប់ស្កាត់បាននូវការឆ្លងរាលដាលនូវជម្ងឺកូវីដ-១៩ និងអនុញ្ញាតឱ្យប្រទេសកម្ពុជាយើង បើកប្រទេសឡើងវិញនូវគ្រប់វិស័យ ។

ឯកឧត្តមបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម អាណាព្យបាល យុវជន និងកុមារមានអាយុចាប់ពីអាយុ៣ឆ្នាំឡើង សូមអញ្ជើញ និងនាំយកបុត្រធីតា ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ពិសេសដូសជំរុញ ដូសទី៣ ទី៤ ទី៥ ឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំ ដើម្បីគ្រួសារយើងបានជៀសផុតពីជំងឺកូវីដ-១៩ ដ៏មហាប្រល័យ និងការពារសហគមន៍របស់យើងមិនឱ្យវិលត្រឡប់ទៅរកសោវិនាសកម្មដូចក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ។

ឯកឧត្តមបានដាស់តឿនសូមឱ្យការប្រកួតកីឡាដ៏មានអត្ថន័យនេះ បានជ្រួតជ្រាបដល់ស្រទាប់ យុវជនគ្រប់រូបព្រមទាំងបង្វែចិត្តគំនិតយុវជនយើងឱ្យចូលមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡា ដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី ។

ឯកឧត្តមបន្ថែមថា ម៉្យាងទៀត ខ្ញុំក៏សូមផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់តាមបច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព ទេពកោសល្យ បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុតនៅពេលប្រកួត និងចៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈ របស់គណៈកម្មការបច្ចេក ទេសបានផ្សព្វផ្សាយ និងបានធ្វើការណែនាំមុនការប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងក្រមសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ ។

ឯកឧត្តមបានកោតសរសើរ ចំពោះក្រុមកីឡាករ កីឡាការិនី  ដែលគោរពបាននូវបទបញ្ញត្តិទាំងឡាយ ដែលគណៈកម្មការរៀបចំការប្រកួតទទួលស្គាល់ថា ជាកីឡាករ កីឡាការិនីគំរូ សម្រាប់យុវជនជំនាន់ក្រោយរៀនសូត្រ និងប្រតិបត្តិតាមគំរូដ៏ល្អប្រពៃនេះ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *