ខេត្តត្បូងឃ្មុំ នឹងក្លាយជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងសម្អាតមីនពីសំណាក់ សម្តេចតេជោ ហ៊ុន សែន

ត្បូងឃ្មុំ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន និងលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានជួបសំណេះសំណាលជាមួយកម្លាំងបោសសម្អាតមីននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ចំនួន១២៦នាក់ និងបើកការដ្ឋានបោសសម្អាតមីន ក្នុងស្រុកមេមត់ ព្រមទាំងបើកកិច្ចប្រជុំ គណៈកម្មាធិការសកម្មភាពមីនខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២២ ។

មានប្រសាសន៌នាឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ខេត្តត្បូងឃ្មុំ ជាខេត្តប្រវត្តិសាស្រ្ត ដែលសម្តេចតេជោ បានសម្រេចចិត្តធ្វើពលី បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រទេសជាតិ និងសង្រ្គោះប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ហើយខេត្តត្បូងឃ្មុំ ក៏ជាខេត្តមួយដែលរងផលប៉ះពាល់ច្រើនដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ដូច្នេះកងកម្លាំងរក្សាសន្តិភាព NPMEC ត្រូវបោសសម្អាត និងកម្ទេចគ្រាប់មីនឲ្យអស់ចេញពីទឹកដីដែលពោរពេញដោយប្រវត្តិសាស្រ្តនេះ ។

លោកទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាព NPMEC ដែលបាននាំមកនូវកិត្តិយសជូនជាតិមាតុភូមិ និងនាំយកទង់ជាតិកម្ពុជានៅឆាកអន្តរជាតិ ជាពិសេសចូលរួមផ្តល់នូវសុខសុវត្ថិភាព ផ្តល់សេចក្តីសុខ និងផ្តល់សុខដុមរមនាដល់ប្រទេសនិងប្រជាជនទាំងឡាយណា ដែលធ្លាប់រងគ្រោះដោយសារសង្រ្គាមដូចកម្ពុជា និងដល់ប្រទេសណាដែលមានតម្រូវការ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។

ជាមួយគ្នានោះលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៌បញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន សម្រាប់សកម្មភាពមីន បានផ្ដល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹម  ក្នុងនោះអាជ្ញាធរមីន បានប្រគល់គម្រោងបោសសម្អាតមីនក្នុងខេត្តត្បូងឃ្មុំ ជូនដល់ប្រតិបត្តិករ NPMEC ធ្វើការបោសសម្អាតចំការមីន អោយអស់ក្នុងរយៈពេល៦ខែ ដើម្បីប្រកាសជាខេត្តអស់មីនមុនដំបូងគេ ក្រោមការគាំទ្រគម្រោងពី សម្តេចតេជោ ។ លោកថា នេះជាសំណាងមួយរបស់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល ដែលត្រូវបានសម្តេច តេជោ យកចិត្តទុកដាក់ជាពិសេស ក្នុងការបោសសំអាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឳ្យអស់មុនគេក្នុងព្រះរាជាណាចក្រកម្ពុជា ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *