ដោយ៖ សេង ពិសិដ្ឋ
ព្រះវិហារៈ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំប្រជុំជួរត្រួតពិនិត្យនិងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កង កម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដើម្បីត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋក្នុងគ្រោះ មហន្តរាយផ្សេងៗ ពិសេសគ្រោះទឹកជំនន់ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ នាយសេនាធិការតំបន់ប្រតិបត្តការសឹករងព្រះវិហារ បានឡើងរាយការណ៍អំពីការប្រុងប្រៀបកងកម្លាំង មធ្យោបាយដឹកជញ្ជូន និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុង ពេលចល័តអន្តរាគមន៍តាមបទបញ្ជារបស់ថ្នាក់លើ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋក្នុងពេលជួបគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងក្នុងភូមិសាស្រ្តខេត្តព្រះវិហារ ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា បានផ្សព្វផ្សាយអំពីស្ថានភាពធាតុអាកាស ដែលបានកើតមានឡើងក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះនៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះថ្នាក់ដឹកនាំ នឹងយោធិនគ្រប់រូប នៃកងកម្លាំងអន្តរាគមន៍ទាំងអស់ របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានប្រុង ប្រៀបកងកម្លាំងមធ្យោបាយនិងសំភារៈគ្រប់គ្រាន់ដើម្បីរង់ចាំអនុវត្តតាមបទបញ្ជាដែលថ្នាក់លើបានប្រគល់ជូន ។
ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្ត្រា បានបន្តថា កងទ័ពគឺជាកូនចៅរបស់ ប្រជាជន និងដើម្បីប្រជាជន ដូច្នេះត្រូវបម្រើប្រជាជន ដោយស្មោះត្រង់និងដោយអស់ពីចិត្តពីថ្លើម ហើយកងកម្លាំងអន្ត រាគមន៌ទាំងអស់ត្រូវត្រៀមខ្លួន ត្រៀមមធ្យោបាយ និងសម្ភារៈគ្រប់គ្រាន់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក្នុងការ បម្រើប្រជាជនឲ្យទាន់ពេលវេលា និងត្រូវបន្តប្រុងប្រយ័ត្នការពារទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសភាពការណ៍ថ្មី ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមវិធានការ ៣ការពារនិង ៣កុំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាផងដែរ៕