ខេត្តកណ្តាល៖នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០២២ នៅសាលប្រជុំសាលាខេត្តកណ្តាលមានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា លោក លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញការងារតាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ ហើយក៏ជាមោទនភាពដែលយើងទាំងអស់គ្នា បានខិតខំអនុវត្តន៍ការងារតាមផែនការធ្វើឱ្យខេត្តកណ្តាល មានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមបានមានប្រសាសន៍បន្តថា ក្នុងនាមជាថ្នាក់ដឹកនាំត្រូវបំពេញឱ្យបានតាមតួនាទី និងចូលរួមចំណែកក្នុងការជំរុញកិច្ចការ និងលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ត្រូវបន្តដោះស្រាយបញ្ហាប្រឈមនានាដែលនៅសេសសល់ ឱ្យទទួលបានជោគជ័យ។ត្រូវបន្តបំពេញនូវតួនាទី ភារកិច្ច និងមុខងាររបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់ និងបទដ្ឋានគតិយុត្តនានាដែលបានកំណត់ ដើម្បីជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងអនុវត្តន៍សេចក្តីសម្រេចផ្សេងៗប្រកបដោយអភិបាលកិច្ចល្អរវាងក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ទៀតថា ដើម្បីបន្តការងារដឹកនាំឱ្យរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត នឹងខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបន្តទៀត ក្នុងន័យបម្រើផល ប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ឯកឧត្តមបានជំរុញដល់មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ត្រូវយកចិត្តទុកដាក់ក្នុងការចុះតាមដាន ពិនិត្យមើលលើសកម្មភាពការងាររបស់ខ្លួនអោយបានម៉តចត់ធ្វើយ៉ាង ណាអោយមានតម្លាភាពជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលក៏បានវាយតម្លៃ និងកោតសរសើរដល់បណ្តាមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែងបំពេញការងារជាពិសេស ការទប់ស្កាត់បទល្មើសនានា ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តម ក៏បានសំណូមពរដល់បណ្តាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក គឺត្រូវបង្កើនការងាររបស់ខ្លួន ពីសេសការងារភូមិ ឃុំ មានសុវត្ថិភាពត្រូវបង្រ្កាបនូវរាល់ល្បែងស៊ីសងគ្រប់ប្រភេទ បញ្ហាគ្រឿងញៀន និងបទល្មើសផ្សេងៗអោយមានប្រសិទ្ធភាព និងនូវរាល់បញ្ហាដែលនៅសេសសល់យកមកធ្វើការដោះស្រាយដើមី្បឲ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ក្នុងគោលដៅបម្រើនូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមជាតិ។ ចំពោះរាល់បញ្ហាដែលក្រុមប្រឹក្សាខេត្ត បានលើកនូវក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៨នេះ សូមសាមីមន្ទីរ អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ត្រូវយកទៅធ្វើការពិនិត្យ និងអនុវត្តឲ្យបានទទួលលទ្ធផលជាផ្លែផ្កា ក្នុងការលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តកណ្តាល៕