កណ្ដាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាព ប្លន់ម៉ូតូមិនបានសម្រេច កាលពីវេលាម៉ោង ០១និង១៥នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២២ នៅចំណុចភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះ ចក់ រដ្ឋា ហៅវ៉េវ អាយុ២២ឆ្នាំ មានទីលំនៅខណ្ឌច្បារអំពៅ ឃាត់ខ្លួនបាន និងទី២ឈ្មោះ សុឹម សំបូរ ហៅឌុន អាយុ២៧ឆ្នាំ រស់នៅស្រុកកៀនស្វាយ ធ្លាប់ជាប់ពន្ធានាគារពីបទលួច ទទួលផលចោរកម្ម និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន( កំពុងគេចខ្លួន ) ឯជនរងគ្រោះមានចំនួន៣នាក់ ជាយុវជន រស់នៅស្រុកកៀនស្វាយ មានមុខរបរជាអ្នករៀបឆាកអកកេះ ។
តាមចម្លើយសារភាពរបស់ជនសង្ស័យ បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ សុឹម សំបូរ ហៅអាឌុន បានមកជួបខ្លួន ដោយប្រើប្រាស់ថ្នាំញៀនរួច ក៏ពិភាក្សារឿងរកលុយ ទើបបែកគំនិត នាំគ្នាជិះម៉ូតូមួយគ្រឿងម៉ាក Zoomer ដោយខ្លួនជាអ្នកឌុប ហើយម្នាក់ទៀតជិះពីក្រោយ និងដាវកែច្នៃ១ដើម ។ លុះដល់វេលាកើតហេតុ ក៏បានជួបក្រុមរងគ្រោះជិះមួយគ្រឿង ម៉ាកHONDA Dreamសង់ ពណ៌ខ្មៅ សេរី២០២២ ក៏ដេញកាប់ចំជនរងគ្រោះម្នាក់ចំចំនួន១៧ថ្នេរ ។
ប្រភពបន្តថា ភ្លាមនោះជនរងគ្រោះម្នាក់ទៀតជាអ្នកឌុប បានផ្ដួលម៉ូតូ រួចដកសោម៉ូតូនាំគ្នារត់ បន្ទាប់មកជនសង្ស័យ ឈ្មោះអាឌុន បានលោតចុះពីលើម៉ូតូ ដេញកាប់ជនរងគ្រោះត្រូវមួយដាវ តែត្រូវចុងដាវរបស់ស្រាល ហើយជនរងគ្រោះនាំគ្នា រើសដុំថ្មគុបលើជនសង្ស័យវិញ ទើបជនសង្ស័យទាំងពីរ នាក់បាននាំគ្នាជិះម៉ូតូគេចខ្លួនបាត់ ។
បន្ទាប់មកជនរងគ្រោះ បានប្ដឹងមកនគរបាលប៉ុស្តិ៍ឈើទាល ទើបសមត្ដកិច្ច សហការជាមួយ កំលាំងនគរបាលផ្នែកយុត្តធម៌ ចុះស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ចក់ រដ្ឋា ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន ពិតជាបានប្រព្រឹត្តសកម្មភាពខាងលើ ពិតប្រាកដមែនតែយកម៉ូតូជនរងគ្រោះមិនបាន ។ ក្រោយពីសាកសួររួច ជនសង្ស័យ រួមជាមួយវត្ថុតាង បញ្ចូនទៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីបន្តនីតីវិធី ៕