ព្រះវិហារ៖នៅថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២នេះ កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ របស់ កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជន -អតីតយុទ្ធជន និងគ្រួសារជនមានពិការភាពចំនួន ៥០គ្រួសារ រស់នៅស្រុករវៀង ខេត្តព្រះវិហារ។ គ្រួសារនីមួយៗ ទទួលបានប្រាក់កម្ចីចំនួន ១លានរៀល ដើម្បី យកទៅប្រកបមុខរបរ បង្កបង្កើនផល លក់ដូរ និងចិញ្ចឹមសត្វ។
ក្នុងឱកាសជួបសំណេះសំណាល នោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ជាពិសេសលើក ទឹកចិត្ត ដល់គ្រួសារទទួលផល ទាំងអស់ ឱ្យបន្ត ខិតខំពង្រីកមុខរបរ បង្កបង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង។
លោកជំទាវ បានលើកឡើងថា ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ឆ្ងាយដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ ក្នុងន័យនេះ កាកបាទក្រហមកម្ពុជា តែងតែធ្វើការចុះអប់រំផ្សព្វផ្សាយអំពីមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ក៏ដូចជាបន្តអនុវត្តផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជាពលរដ្ឋ។ បន្ថែមពីនេះ ឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈប្រគល់ថវិកាចំនួន ២លានដុល្លារអាម៉េរិក ជូនដល់ អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិឆ្ពោះទៅរកសូន្យគ្រាប់មីននៅឆ្នាំ២០២៥ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ផងដែរ។
លោកជំទាវ អគ្គលេខាធិការរងទី ១ បានថ្លែងដោយក្តីសង្ឃឹមថា «បងប្អូនប្រជាពលរដ្ឋ នឹងមិនធ្វើចំណាកស្រុក នៅមើលថែផ្ទះសម្បែង ហើយថវិកា ១លានរៀលនេះ នឹងធ្វើឱ្យជីវភាពរបស់បងប្អូនមានការរីកចម្រើន តាមរយៈការប្រកបមុខរបរតាមបំណងរបស់បងប្អូន ហើយបងប្អូននឹងមានលទ្ធភាពបង្វិលថវិកានេះ មកជូន កាកបាទក្រហមកម្ពុជា វិញ ដើម្បី កាកបាទក្រហមកម្ពុជា បន្តផ្តល់ជូនគ្រួសារដទៃទៀត ដើម្បីរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាព ដូច សព្វថ្ងៃ នេះ»។
ជាមួយគ្នានេះ លោកជំទាវ បានផ្តាំផ្ញេីជូនដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការសុខាភិបាល ចូលរួមចាក់វ៉ាក់សាំង ដូសជំរុញ រស់នៅមានអនាម័យ ពិសាទឹកឆ្អិន និងត្រូវប្រុងប្រយ័ត្នពីគ្រោះថ្នាក់ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ជាក់ស្តែងបាតុភូតផ្គរ រន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាដើម។
ឯកឧត្តម យ៉ុង គឹមហ៊ាន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឱ្យគ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ ប្រជាពលរដ្ឋ ជាពិសេសបានចាប់ផ្តើមបង្កើតឱ្យមានកម្មវិធីប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់ កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥រៀងមក ។ ឯកឧត្តម បានបន្តថា ៖ សម្រាប់ខេត្តព្រះវិហារ មានគ្រួសារទទួលផលសរុប ១.៥៧២គ្រួសារ (ក្នុងនោះ ស្រុករវៀង ៥៥៨គ្រួសារ) ដែលទទួលបានប្រាក់កម្ចីនេះ ហើយដែលបាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។
បន្ទាប់ពីកម្មវិធីខាងលើនេះ លោកជំទាវ អគ្គលេខាធិការរងទី ១ និងក្រុមការងារ ក៏បានចុះសួរសុខទុក្ខ និងពិនិត្យមើលពីការរីកចម្រើនរបស់គ្រួសារដែលធ្លាប់បានទទួលប្រាក់កម្ចីពីកាកបាទក្រហមកម្ពុជា ផងដែរ៕