កណ្តាល ៖ បុរស២នាក់បងប្អូន ហើយបុរសបងជាសន្តិសុខណាហ្គា ទំនងនឹងអស់អនាគត បន្ទាប់ពីប៉ូលិសក្រុងតាខ្មៅឃាត់ខ្លួន ខណៈចូលលុយគ្នាទិញថ្នាំញៀន៧កញ្ចប់មកប្រើប្រាស់ កាលពីថ្ងៃទី១១កក្កដាឆ្នាំ២០២២វេលាម៉ោង១១និង១៤នាទី នៅចំណុចផ្លូវបេតុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ប៉ូលិសនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះអ៉ឹម សុខសាន្ត ភេទប្រុសអាយុ២៩ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរសន្តិសុខណាហ្កា(ឃាត់ខ្លួន)និង២-ឈ្មោះអ៉ឹម ចាន់សុនិត ភេទប្រុសអាយុ២១ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ(ឃាត់ខ្លួន)។វត្ថុតាងចាប់យករួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៧កញ្ចប់, ទូរសព្ទដៃចំនួន០១ម៉ាកVIPtOពណ៌ប្រផេះ ,ម៉ូតូ០១គ្រឿងម៉ាកស្កូពី ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1AV-0120 និង កាបូបដៃពណ៌សូកូឡាចំនួនមួយ។
ប៉ូលិសបន្តថា មុនពេលកើតហេតុកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលព្រែកហូរ បានចុះល្បាតដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញជនសង្ស័យម្នាក់កំពុងជិះម៉ូតូម្នាក់ឯងហើយកម្លាំងប៉ូលិសក៏ឃាត់សួរនាំនិងឆែកឆេររកឃើញថ្នាំញៀនចំនួន០៧កញ្ចប់ ដោយ០១កញ្ចប់លាក់ក្តាប់ជាប់នៅក្នុងដៃស្តាំ ហើយ០៦កញ្ចប់ទៀតដាក់លាក់ទុកនៅក្នុងហោប៉ៅខោមុខខាងស្តាំ រួចនាំជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យឈ្មោះអ៉ឹម ចាន់សុនិត បានឆ្លើយសារភាពថា «ថ្នាំញៀនចំនួន០៧កញ្ចប់នោះជារបស់ខ្លួនដែលបានចូលលុយគ្នាពីនាក់បងប្រុសបង្កើតឈ្មោះអ៉ឹម សុខសាន្ត ចេញលុយ៥ដុល្លារ ហើយខ្លួនឈ្មោះអ៉ឹម ចាន់សុនិត ចេញ៥ម៉ឺនរៀល ។ សរុប៧ម៉ឺនរៀលទិញថ្នាំពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំទំនប់ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល , ដោយបងប្រុសខ្លួននៅអង្គុយចាំខ្លួននៅមុខរបងវត្តព្រះពុទ្ធអណ្តែតហៅវត្តព្រែកហូរ»។ចំណែកឈ្មោះអ៉ឹម-សុខសាន្ត បានឆ្លើយប្រាប់សមត្ថកិច្ចថា«ខ្លួនពិតជាបានចូលលុយឱ្យប្អូនទៅទិញថ្នាំញៀនពិតប្រាកដមែន»។បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនមកប៉ូលិសផ្នែកជំនាញនៃអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី៕