ព្រះវិហារៈ អាជីវករលក់ដូរក្នុងផ្សារកំពង់ប្រណាកខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានលើកឡើងថា ការស្ម័គ្រចិត្តមកចាក់វាក់សាំងដូសជំរុញ គឺដើម្បីការពារកុំឲ្យឆ្លងជំងកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជា បិទខ្ទប់ដូចឆ្នាំកន្លងទៅ។
អាជីវករ ដែលបានចាក់វ៉ាក់សាំងក្នុងផ្សារកំពង់ប្រណាក បានលើកឡើងថា បន្ទាប់ពីចាក់វ៉ាក់សាំង ដូសជំរុញរួច សុខភាពធម្មតា ហើយការស្ម័គ្រចិត្តចាក់វាក់សាំងនេះទៀតសោត គឺដើម្បីការពារ កុំឲ្យឆ្លងជំង កូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាបិទខ្ទប់ដូចឆ្នាំកន្លងមកទៀត ព្រោះតែជំងឺកូវីដ-១៩នោះទេ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាព ពិភពលោកប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ បានបន្តដឹកនាំក្រុមការងារ មន្រ្តី សុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅទីតាំងផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ។
លោកជំទាវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសដូសជំរុញ នៅតែមានសារសំខាន់ បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូរស្រាលក្តី។
លោកជំទាវក្រើនរម្លឹកជាថ្មីដល់ប្រជាពលរដ្ឋ ឱ្យរួសរាន់ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់ចំនួនដូស តាមការកំណត់របស់គ្រូពេទ្យ។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំង ប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី១៦ ខែមិថុនានេះ ពលរដ្ឋនៅខេត្តព្រះវិហារ បានចាក់វ៉ាក់សាំង ដូសជំរុញទី៣ ចំនួនជាង ១៣ម៉ឺននាក់ ដូសទី៤ ជាង៣ម៉ឺននាក់ និងដូសទី៥ បានជាង ១ម៉ឺននាក់៕