រដ្ឋមន្ត្រីក្រសួងកសិកម្មអំពាវនាវដល់កសិករ កាត់បន្ថយការប្រើជីគីមី ងាកមកប្រើជីធម្មជាតិ ឬជីកុំប៉ុស្តិជំនួសវិញ ហើយប្រើពូជស្រូវមានតម្រូវការទីផ្សារខ្ពស់

កំពង់ធំ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករគ្រប់រូបគួរកាត់បន្ថយការប្រើជីគីមី ងាលមកប្រើជីធម្មជាតិ ឬជីកុំប៉ុស្តិជំនួសវិញ និងកាត់បន្ថយពូជស្រូវ ហើយប្រើពូជស្រូវដែលមានតម្រូវការទីផ្សារខ្ពស់។

ការថ្លែងនេះរបស់. ឯកឧត្តម.វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  ក្នុងឱកាសអញ្ជើញចុះពិនិត្យសកម្មភាពការងារបង្កបង្កើន ផលរបស់ប្រជាពលរដ្ឋនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងចាប់ផ្តើមភ្ជួររាស់ពង្រាបដី និងព្រោះស្រូវ នៅរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា  ចំពោះបញ្ហាប្រែប្រួលអាកាសធាតុ ធ្វើឲ្យរបបទឹកភ្លៀងមិនទៀងទាត់ ជួនជន់លិច ជួនរាំងស្ងួត ដែលជាដើមចមធ្វើឲ្យប៉ះពាល់ដល់ផលិត កម្មស្រូវ ហេតុនេះកសិករត្រូវសម្របខ្លួនឲ្យទាន់ទាំងការងារកសិកម្ម និងជីវិតរស់នៅប្រចាំថ្ងៃ។

ចំណែកការងារកសិកម្ម គួរប្តូរមុខដំណាំឲ្យស្របតាមធនធានទឹកដែលមានជាក់ស្តែង ដាំដំណាំ ដែលប្រើទឹកតិច ហើយមិនគួរពង្រីកផ្ទៃដីដាំដុះទេបើគ្មានទឹកគ្រប់គ្រាន់។ ម្យ៉ាងវិញទៀតកុំរំពឹងទាំងស្រុង លើដំណាំស្រូវ តែត្រូវមានដំណាំរួមផ្សំ បន្លែបង្ការ ត្រី សត្វ ទុកគ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ជាមួយគ្នានេះឯកឧត្តម វេង សាខុន  បានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្ម និងលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំ លេខ ៣០៧ សណន កសក ស្តីពី “ការជំរុញផលិតកម្មដំណាំស្រូវរដូវវស្សាឆ្នាំ២០២២” ឲ្យមាន ប្រសិទ្ធភាព។

ហើយត្រូវរួមគ្នាគិតគូរដោះស្រាយបញ្ហាជូនប្រជាកសិករឲ្យបានទាន់ពេល ជារួម និងដោយឡែកនោះគឺការឧបត្ថម្ភពូជស្រូវក្នុងសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងករណីលើសពីដែនសមត្ថកិច្ចរបស់ក្រសួង ត្រូវសហការជាមួយលោកអភិបាលនៃគណៈអភិបាលខេត្តលើកសំណើទៅគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោះស្រាយជូន កសិករបានទាន់ពេល។

You might like

Leave a Reply

Your email address will not be published. Required fields are marked *