ភ្នំពេញៈ ក្រសួងធនធានទឹក៖ចាប់ពីថ្ងៃទី១៥ដល់២១មិថុនានឹងមានភ្លៀងពីតិចទៅច្រើននៅលាយឡំនឹងផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ ភ្នំពេញ៖ក្រសួងធនធានទឹកនឹងឧតុនិយមបានបញ្ជាក់ថាចាប់ពីថ្ងៃទី១៥ដល់២២មិថុនាខាងមុខនេះនឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើនលាយឡំនឹងផ្គររន្ទះ ខ្យល់កន្ត្រាក់។ យោងតាមសេចក្តីជូនដំណឹងស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នៅបានឲ្យដឹងថាព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីជ្រលង នៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយនៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម។ ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី ៣៤-៣៧អង្សាសេ។បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ក្នុងអំឡុងពេលជាមួយគ្នានោះក៏អាចមានផ្នែកនៃបណ្តាខេត្តខ្លះមានភ្លៀងធ្លាក់ច្រើន។ ចំណែកបណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសានមាន សីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សាសេនិង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សាសេ។ នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅតំបន់មាត់សមុទ្រ ៖ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦អង្សាសេ និង សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦អង្សសសេ។ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម៕