បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ (ដូសទី០៥)ជូនដល់កងទ័ព អតីតយុទ្ធជន និងគ្រួសារកងទ័ព

ព្រះវិហារ  ៖ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី០៥)ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងគ្រួសារកងទ័ព អតីតយុទ្ធជន គ្រួសារអតីតយុទ្ធជននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។

ឯកឧត្តម មេបញ្ជាការ បានបញ្ជាក់យ៉ាងច្បាស់ថា ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ដ៏កាចសាហាវនេះឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់នោះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវយុទ្ធនាការចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដូសជំរុញ(ដូសទី០៥) ជូនដល់កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងផែនការបន្តចាក់ ជូនដល់ប្រជាពលរដ្ឋ នៅទូទាំង ប្រទេស ដោយឡែក ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចាប់ផ្តើមបើកដំណើរការចាក់ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះតទៅ ។

ឯកឧត្តម មេបញ្ជាការ ក៏បានអំពាវនាវ និងជំរុញឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងប្តីប្រពន្ធកូនចៅ កងទ័ពទាំងអស់ នៃទីបញ្ជាការ សូមរួសរាន់មកចាក់ឲ្យបានទាន់ពេលវេលា។ឯកឧត្តម មេបញ្ជាការ ក្នុងនាមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជំនួសមុខឲ្យនាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារទាំងអស់ ដែលបានមក ទទួលការចាក់វ៉ាក់សាំងដូសជំរុញ (ដូសទី០៥) ក៏បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះប្រមុខរាជដ្ឋាភិបាលដែលមានសម្ដេច តេជោ បានស្វះស្វែងរកវ៉ាក់សាំងមកផ្ដល់ ចាក់ជូនដល់ នាយទាហាន នាយទាហានរង ពលទាហាន និងក្រុមគ្រួសារនាពេលនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *