ផ្ទះមនុស្សធម៌ទី១០ ត្រូវបានប្រគល់ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ នៅស្រុកកំពង់សៀម

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម  និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហម ខេត្ត   ដោយ មានការនិមន្ត  និង អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ  និង មន្ត្រី រាជការ   នាព្រឹក ថ្ងៃទី៨  ខែមិថុនា   ឆ្នាំ ២០២២  នេះ  បានប្រគល់ផ្ទះមនុស្សធម៌ទី១០ ជូនជនចាស់ជរាទ័លលំបាក ១គ្រួសារ  ឈ្មោះ ចន ព្រុំ  អាយុ៨៧ឆ្នាំ  រស់នៅ ភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម  ខេត្តកំពង់ចាម  ។

ឆ្លៀតក្នុងឱកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា ពិតមែនតែស្ថានភាពនៃការឆ្លងជម្ងឺកូវីដ-១៩ បានធូរស្រាល បង្កលទ្ធភាពអោយសកម្មភាពសេដ្ឋកិច្ច-សង្គម មានសកម្មភាព ពេញលេញឡើងវិញក្តី តែម្នាក់ៗ មិនត្រូវធ្វេសប្រហែស ឬមើលស្រាលបានឡើយ ។ គ្រប់គ្នាត្រូវបង្កើនការការពារខ្លួន ថែរក្សាអនាម័យអោយបានជាប្រចាំ  ដោយបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនីមួយៗ ត្រូវបន្តរៀនរស់ជាមួយជម្ងឺកូវីដ-១៩ ដែលចាំបាច់ ត្រូវអនុវត្ត អោយបានខ្ជាប់ខ្ជួន នូវវិធានសុខាភិបាល ” ៣ការពារ ៣កុំ  ” និងជំរុញការចាក់វ៉ាក់សាំង ទាំងដូសមូលដ្ឋាន និងដូសជំរុញ អោយបានគ្រប់ៗគ្នា ដើម្បីគ្រួសារ  និង សហគមន៍មានសុភមង្គល ក្រោមដំបូលនៃសុខសន្តិភាព និងការ អភិវឌ្ឍន៍  ។

គួរបញ្ជាក់ថា  លោក តា ចនព្រុំ  អាយុ ៨៧ឆ្នាំ  និងប្រពន្ធឈ្មោះ កៅ អាន អាយុ៦១ឆ្នាំ ជាជនចាស់ជរាទ័លលំបាក រស់នៅពឹងអាស្រ័យតែលើប័ណ្ណសមធម៌ ក្នុង១ខែ ប្រមាណជា២០ម៉ឺនរៀល  ។ ខណៈ ដែលកូនប្រុសស្រី ៤នាក់ បានរៀបការបែកគ្រួសារ ប៉ុន្តែជីវភាពក្រលំបាកដូចគ្នា មិនអាចពឹងពាក់គ្នាបាន ។ ជាច្រើនឆ្នាំមកនេះ លោកតាព្រុំ  វ័យកាន់តែជរា ហើយ យាយ អាន ក៏មានជម្ងឺប្រចាំកាយ ថែមទៀត នាំអោយជីវភាពកាន់តែលំបាក ស្នាក់នៅក្នុងកូនខ្ទមតូចទ្រុឌទ្រោមខ្លាំង  ដោយស្ថានភាពលំបាកបែបនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសី (ទំហំ៤ម×៦ម) ១ខ្នង តម្លៃប្រមាណជា១០លានរៀល ព្រមទាំងផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ  សម្រាប់សង្កត់ផ្ទះថ្មីនេះ រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២, ម៉ាស់ ២ប្រអប់ , សម្ភារផ្ទះបាយមួយចំនួន និងថវិកា ២០ម៉ឺនរៀល  ។ ដោយឡែក លោកយាយ  លោកតា  ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ២០នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ និង អាវយឺត  ម៉ាស់  ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀលផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *