កំពង់ធំ៖ថ្ងៃទី 5 ខែមិថុនាឆ្នាំ 2022 នេះ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី 5 ដែលបងប្អូនប្រជាពលរដ្ឋ នាំគ្នាទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋានដែលខ្លួនពេញចិត្ត ក្នុងនោះដែលគេក៏ទាំងទៀតឃើញ ឯកឧត្តមលោកជំទាវ អស់លោកលោកស្រី ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ បានអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យរៀងៗខ្លួនផងដែរ ។
ឯកឧត្តម ងួនរតនះ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ.និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតខេត្ត មានប្រសាសន៍ក្នុងឱកាសអញ្ជើញទៅកាន់មណ្ឌលបោះឆ្នោតថា ថ្ងៃនេះបងប្អូនប្រជាពលរដ្ឋទាំងនាក់ដែលបោះឆ្នោត បានបង្ហាញនូវ ឆន្ទះដ៏ឧត្តុង្គឧត្តមបំផុតក្នុងការប្រើប្រាស់សិទ្ធិសេរីភាពទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សនយោបាយនានាដែលខ្លួនពេញចិត្តដោយសេរី គ្មានការកៀបសង្កត់ឬបង្ខិតបង្ខំអ្វីឡើយ ។ ការបោះឆ្នោតនាពេលនេះក៏ដូចការបោះឆ្នោតនាពេលកន្លងមកនៅក្នុងខេត្តគឺបានប្រព្រឹត្តទៅដោយរលូននិងគ្មានអំពើហឹង្សា ហើយមានអ្នកសង្កេតកា រណ៍ជាតិ សហគមន៍ អង្គការមិនមែនរដ្ឋាភិបាលនិងអ្នកសង្កេតការណ៍របស់គណបក្សនយោបាយជាច្រើនរូប បានចូលរួមសង្កេតការណ៍តាមដាននិងពិនិត្យដំណើរការបោះ ឆ្នោតដោយហ្មត់ចត់បំផុត ។ ឯកឧត្តម បានថ្លែងបញ្ជាក់ថា កម្ពុជាដែលជាប្រទេសមានឯករាជ្យនិងអធិបតេយ្យភាពត្រឹមត្រូវ បន្តរៀបចំបោះឆ្នោតនៅរៀងរាល់៥ឆ្នាំម្តង ដើម្បីប្រជាពលរដ្ឋមានឱកាសចូលរួមបោះឆ្នោតសម្រេចជោគវាសនាប្រទេសជាតិក៏ដូចនៅ ក្នុងខេត្ត ដោយសេរីដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋឲ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម បានកត់សម្គាល់ឃើញថា ស្ថិតក្នុងបរិយាកាសនយោបាយអព្យាក្រឹត្យ សេរី តម្លាភាព សន្តិភាពនិងគ្មានអំពើហឹង្សាប្រជាពលរដ្ឋនៅក្នុងបញ្ជីបោះឆ្នោត បានអនុវត្តយ៉ាងពេញលេញនូវសិទ្ធរបស់ខ្លួនដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយអញ្ជើញទៅបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតប្រកបភាពរីករាយ ថ្លៃថ្នូនិងការទទួលខុសត្រូវខ្ពស់ ក្នុងភាពជាម្ចាស់ ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញ ចិត្តឲ្យបន្តដឹកនាំ គ្រប់គ្រងនិងអភិវឌ្ឍន៍ក្នុងមូលដ្ឋានរយៈពេល៥ឆ្នាំទៅមុខទៀត។
លោក.ប្រៃសាវុធ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំបានឲ្យដឹងថា.ខេត្តមានចំនួន៨១ ឃុំសង្កាត់ ប្រជាពលរដ្ឋក្នុងបញ្ជីបោះឆ្នោតចំនួន៤២០០២៧នាក់ ការិយាល័យបោះឆ្នោត ចំនួន១១៤២កន្លែង គណបក្សនយោបាយចំនួន ចំនួន១៣បក្សមានមន្ត្រីបម្រើការងារចំនួន៦៨៥២នាក់.បេក្ខជនប្រឹក្សាឃុំពេញសិទ្ធចំនួន៦០៣៩នាក់។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពង់ធំរូបនេះក៏បានសំណូមពរ ក៏ដូចជាអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងការបោះឆ្នោតទាំងអស់ ពិសេសគណបក្សនយោបាយសូមអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ នីតិវិធី និងបទបញ្ជានៃការបោះឆ្នោត ព្រមទាំងសូមមានការយោគយល់អធ្យាស្រ័យទៅវិញទៅមក៕