ខេត្ដស្វាយរៀង ៖នៅរសៀលថ្ងៃទី២ខែមិថុនាឆ្នាំ២០២២នេះធ្យូងចំនួនប្រហែល៥៤តោនដែលត្រូវបានឈ្មួញដឹកយកមកទម្លាក់នៅមាត់ប្រឡាយទាហានហើយត្រៀមលើកដាក់ចូលក្នុងទូកកាណូតវៀតណាមដើម្បីឆ្លងដែនទៅប្រទេសវៀតណាមតែចេញមិនរួចនោះត្រូវបានកំលាំងសមត្ថកិច្ចចម្រុះក្របួចទាំងអស់ ។
លោកវរៈសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថាៈ ដោយទទួលបានការអនុញ្ញាតពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងរួចមកលោកបានដឹកនាំកំលាំងចម្រុះរួមមានៈ មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើស្វាយរៀង រួមនិងអភិបាលរងស្រុកកំពង់រោទិ៍បាន ចុះមកធ្វើការត្រួតពិនិត្យហើយក៏បានធ្វើការរឹបអូសធ្យូងទាំងនោះយកទៅរក្សាទុកនៅមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តស្វាយរៀងដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់។
គួររំលឹកផងដែរថា ធ្យូងចំនួន៥៤តោនទាំងអស់នេះមិនដឹងជារបស់ក្រុមហ៊ុនណាទេ ហើយមានច្បាប់ឬអត់ច្បាប់ក៏មិនបានដែរដែលឈ្មួញបានដឹកធ្យូងមកទម្លាក់បម្រុងចេញទៅប្រទេសវៀតណាមនេះបានកើតឡើងរយៈពេល៣ថ្ងៃមកហើយ ចាប់តាំងពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២២ដល់វេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី០១ខែមិថុនាឆ្នាំ២០២២នៅចំណុចប្រឡាយទាហាន ច្រករបៀងស្លាបឆ្វេងនៃច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្លិ៍ស្ថិតនៅភូមិព្រៃអូរ ឃុំថ្មីស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ហើយ ឈ្មួញបានដឹកធ្យូងប្រមាណប្រហែលចំនួន៥៤តោន បានយកធ្យូងមកទម្លាក់ទុកនៅចំណុចមាត់ប្រឡាយទាហាន នេះ និងបានទាក់ទងដើម្បីលក់ឲ្យទៅឈ្មួញវៀតណាមរួចហើយដែរ ក៏ប៉ុន្តែទំនងមិនត្រូវរ៉ូវគ្នាទើបមិនទាន់អាចលើកដាក់ទូកនាំទៅប្រទេសវៀតណាមបានដូច្នេះ។
សូមបញ្ជាក់ផងដែរថា ធ្យូងគឺក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ មិនអនុញ្ញាតិឲ្យនាំចេញទៅក្រៅប្រទេសទេ ហើយការជួញដូរធ្យូង ឈើ នេះធ្វើឲ្យប៉ះពាល់ដល់ព្រៃឈើ ក្រុមឧក្រិដ្ឋកម្មព្រៃឈើ បានលួចកាប់បំផ្លាញព្រៃឈើ យកទៅដុតធ្វើធ្យូង ដែលច្បាប់ហាមឃាត់ ៕