ខេត្តស្វាយរៀង៖ព្រះសង្ឃនិងពុទ្ធបរិស័ទពិសេសយុវជន ត្រូវរួមថែរក្សាវប្បធម៌និងប្រពៃណី ដែលបុព្វបុរសបានបន្សល់ទុកនៅតាមប្រាង្គប្រាសាទនានា ឬនៅលើផ្ទាំងសិលាចរិក សំដៅលើកកម្ពស់វប្បធម៌ឱ្យរស់នៅក្នុងសង្គមជាតិតរៀងទៅ។ ឯកឧត្តមនាយឧត្តមសេនីយ៏ ចៅ ភិរុណ អគ្គនាយកនាយកដ្ឋានសម្ភារៈបច្ចេកទេសក្រសួងការពារជាតិ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកស្វាយជ្រំខេត្តស្វាយរៀង នៅក្នុងពិធីបុណ្យផ្ការស្មីសាមគ្គីនិងឆ្លងដងទង់នៅវត្តសំរោងពេជ្រឃុំស្វាយធំស្រុកស្វាយជ្រំខេត្តស្វាយរៀងថ្ងៃទី២៦ ខែមីនាឆ្នាំ ២០២២ នេះបាន ស្នើដល់ព្រះសង្ឃពុទ្ធបរិស័ទពិសេសយុវជនយុវនារីត្រូវបន្តថែរក្សាវប្បធម៌ប្រពៃណីជាតិឱ្យបានរស់នៅក្នុងសង្គមជាតិ តាមរយៈប្រតិបត្តិទៅតាមក្បួនខ្នាតដែលបុព្វបុរសបានបន្សល់ទុកនៅតាមប្រាង្គប្រាសាទនានា ឬនៅតាមផ្ទាំងសិលាចារឹកមួយចំនួន ។
ឯកឧត្តមបានបញ្ជាក់បន្ថែមថាវប្បធម៌ប្រពៃណី បន្តរស់នៅក្នុងសង្គមជាតិបាន អាស្រ័យទៅលើ អ្នកប្រតិបត្តិ តែបើប្រតិបត្តិខុសពីអត្តសញ្ញាណ ដែលបានបន្សល់ទុកនៅលើផ្ទាំងប្រាសាទសិលាចារឹកមួយចំនួនដែលបុព្វបុរសបន្សល់ទុកបន្តិចម្ដងៗ វប្បធម៌នឹងបាត់បង់ ខណៈដែលប្រទេសជិតខាងបាននិងកំពុងតែលួចចម្លងវប្បធម៌របស់យើងទៅធ្វើការកែច្នៃធ្វើជារបស់គេដើម្បីបំភ័ន្ត ក្នុងការទាក់ទាញចំណាប់អារម្មណ៍ទៅវប្បធម៌ដែលបានកែច្នៃរួចពិសេសយុវជនជំនាន់ក្រោយមិនបានប្រតិបត្តិ ទៅតាមអ្វីដែលជារបស់ខ្លួនឯងមានស្រាប់ ។
ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកនូវបានសម្ដែងអបអរសាទរចំពោះព្រះសង្ឃពុទ្ធបរិស័ទនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំដែលបានចូលរួមបច្ចយ័ស្ថាបនាសមិទ្ធផល លើវិស័យសាសនាជាមួយនិងរដ្ឋាភិបាលតម្កល់ទុកនៅទីនេះ។
ទាក់ទងទៅនឹងការងារសន្តិសុខសង្គមប្រធានក្រុមការងារចុះជួយស្រុកនូវបានជំរុញដល់រដ្ឋបាលមូលដ្ឋានពិសេសនគរបាលរដ្ឋបាលប៉ុស្តិរដ្ឋបាលបន្តដឹកនាំប្រជាការពារធ្វើការយាមការពាររក្សាសន្តិសុខនឹងធ្វើការវាយបករាល់កម្មភាពដែលអង្គការសង្គមស៊ីវិលឬអ្នកបក្សនយោបាយមួយចំនួនដែលបាននិងកំពុងបំពុលបរិយាកាសបង្កអសន្តិសុខដល់សង្គមជាតិផងដែរ៕