តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺថ្លែងថាយុវជនជំនាន់ក្រោយគួរបន្តចងចាំពាក្យស្លោក”បំភ្លេចម្តេចបាន”

កំពង់ស្ពឺ៖ វិមាននៃការចងចាំដែលចំណាយការសាងសង់អស់ប្រមាណជិត៥ម៉ឺនដុល្លាស្ថិតក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ធ្វើឡើងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

ថ្លែងក្នុងឱកាសនោះលោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានលើកឡើងថា វិមាននៃការចងចាំនេះត្រូវបានសាងសង់ឡើងលើទីតាំងទំនប់អាភាព ហៅមន្ទីរ ម៤០១ ដែលជាអតីតមន្ទីរឃុំឃាំងដែលបនប្រល័យពូជសាសន៍ ខ្មែរក្រហម យកធ្វើជាទីតាំងធ្វើទារុណកម្ម និងសម្លាប់ប្រជាជនខ្មែរស្លូតត្រង់ អស់ប្រមាណជា២០០០០នាក់។ ហើយជារៀងរាល់ឆ្នាំ នៅទីតាំងនេះ បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ និងសាច់ញាតិតែងតែមកធ្វើពិធីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បងជីវិតជាហូរហែ។ដោយមើលឃើញពីគុណតម្លៃនៃការឈឺចាប់និងការចងចាំរបស់បងប្អូនប្រជាពលរដ្ឋទាំងក្នុងនិងក្រៅមូលដ្ឋានដែលបាត់បង់សមាជិក ក្រុមគ្រួសារ សាច់ញាតិដែលត្រូវបានកាប់សម្លាប់ក្នុងរបបខ្មែរក្រហម លោកនិងក្រុមការងារ រួមនិងសប្បុរសជនជិតឆ្ងាយ ក៏បានរៀបចំសាងសង់វិមាននេះឡើង ដោយយករចនាបថតាមមណ្ឌលប្រល័យពូជសាសន៍“ជើងឯក”។

លើកឡើងក្នុងឱកាសនោះផងដែរលោក ហ៊ុន ម៉ានី ក៏បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងរំជួលចិត្តចំពោះសោកនាដកម្មដែលបងប្អូនប្រជាពលរដ្ឋបានបាត់បង់សាច់ញាតិក្រុមគ្រួសារ យ៉ាងអណោចអាធម៌ក្នុងរបបវាលពិឃាតនិងចូលរួមអបអរចំពោះបងប្អូនដែលរួចផុតជីវិតពីរបបនោះផងដែរ។ ជាមួយគ្នានោះលោកក៏បានគូសបញ្ជាក់ផងដែរថា “បំភ្លេចម្តេចបាន” ជាពាក្យ ដែលថ្នាក់ដឹកនាំ (ជាយុវជនជំនាន់មុន) បានក្រើនរំលឹកឱ្យយើង(ជាយុវជនជំនាន់ក្រោយ)ដែលកើតធំធាត់ និងមានឱកាសច្រើនជាងពួកគាត់ ចងចាំដល់សោដនាដកម្ម ដែលប្រទេសជាតិ និងប្រជាជនស្លូតត្រង់របស់កម្ពុជា បានឆ្លងកាត់ និងពលីយ៉ាងអយុត្តិធម៌ក្នុងរបបខ្មែរក្រហម។ ហើយទោះបីជាយើងមានសន្តិភាព ការអភិវឌ្ឍ ឱកាស និងមានភាពសម្បូរសប្បាយជាងអតីតកាលក្តី យើងមិនគួរណាភ្លេចទាំងស្រុង ដល់សោដនាដកម្មដែលប្រទេសជាតិនិងប្រជាជនយើងបានឆ្លងកាត់នោះទេ ជាពិសេសគឺទុក្ខវេទនា ការព្រាត់ប្រាស់ និងភាពសោកសង្រេងនានាដែលជាផលនៃសង្រ្គាម។ ការបំភ្លេចឬមិនទទួលស្គាល់ថ្ងៃ០៧មករាគឺស្មើរនឹងការបំភ្លេចអតីតកាល ការបំភ្លេចសោដនាដកម្ម និងការបំភ្លេចដល់ដួងវិញ្ញាក្ខន្ធរបស់អ្នកបាត់បង់ជីវិតនិងភាពអយុត្តិធម៌សម្រាប់លោកតា លោកយាយ អ៊ុពូមីង ដែលជាជនរងគ្រោះ និងជាសាក្សីរស់ក្នុងរបបនោះផងដែរ។ លោកបានបន្តទៀតថា ក្នុងនាមជាយុវជនជំនាន់ក្រោយ យើងនឹងបន្តចងចាំក្រោមពាក្យស្លោក “បំភ្លេចម្តេចបាន”។

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *