ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារៈ អាគារស្នាក់ការគណៈបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ ត្រូវបានធ្វើពិធីក្រុងពាលីបញ្ជុះបឋមសិលាសាងសង់ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្ដម ទេសរដ្ឋមន្រ្តី មាស សុភា សមាជិកគណៈអចិន្រ្តៃគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួម ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលខេត្ត សមាជិកសមាជិការក្រុមការងារថ្នាក់កណ្ដាលចុះជួយក្រុង ក្រុមការងារថ្នាក់ខេត្ត ក្រុមការងារក្រុងព្រះវិហារ រួមនិងសមាជិកសមាជិការគណៈបក្សក្រុង ភូមិ សង្កាត់ ជាច្រើនរូបទៀត។
នាឱកាសនោះដែរ ឯកឧត្ដម ទេស រដ្ឋមន្រ្តី មាស សុភា បានថ្លែងថា សមិទ្ធិផលកើតឡើង នាពេលនេះគឺបានមកពីការរូបរួមសាមគ្គីគ្នាជាធ្លុងមួយរបស់គណៈបក្ស មានតែគណៈប្រជាជនកម្ពុជាទេដែលមានកន្លែងស្នាក់ការធ្វើការត្រឹមត្រូវដើម្បីបំរើផលប្រយោជនរបស់គណៈបក្សនិងជាពិសេសបំរើដល់ប្រជាពលរដ្ឋ ទន្ទឹមនិងនោះឯកឧត្ដម ទេសរដ្ឋមន្រ្តីបានកោតសសើរនិងថ្លែងអំណរគុណដល់សប្បុរសជននានាដែលបានជួយជ្រុំជ្រែងបង្កើតសមិទ្ធិផលនេះឡើង។
ជាចុងក្រោយឯកឧត្ដម ទេសរដ្ឋមន្រ្តីបានអំពាវនាវអោយសមាជិកសមាជិការទាំងអស់សូមអោយខិតខំប្រឹងប្រែងបំពេញតួនាទីនិងភារកិច្ចរបស់ខ្លួនដើម្បីសម្រេចបាននូវសមិទ្ធិផលក្នុងការធានាថែរក្សាសន្តិសុខ ស្ថេរភាពនយោបាយ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការលើក កំពស់លទ្ធិប្រជាធិបតេយ្យដើម្បីជំរុញដល់ការអភិវឌ្ឍនសេដ្ឋកិច្ច សង្គមជាតិអោយស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងពិធីក្រុងពាលីបញ្ជុះបឋមសិលាសាងសង់អាគារស្នាក់ការគណៈបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារនេះដែរក៏មានប្រគល់ប័ណ្ណថ្លែងអំណរគុណដល់សប្បុរសជន និងបំពាក់គ្រឿងឥស្សរយស ដល់សមាជិកសមាជិការគណៈបក្សព្រមទាំងចែកអំណោយជូនលោកយាយ លោកតា ដែលបានអញ្ជើញមកចូលរួមកម្មវិធីនេះផងដែរ៕