ដោយៈ សេង ពិសិដ្ឋ
ព្រះវិហារៈ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២នេះ បានបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត នៅសាលប្រជុំអគារដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមពីក្រុមការងារចុះជួយមូលដ្ឋានខេត្តព្រះវិហារ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជា្ញធរស្រុក ក្រុង ឃុំ សង្កាត់ មេប៉ុស្តិ៍ មន្ត្រីរាជការសាលាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្លាំងមានសមត្ថកិច្ចនានា និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានគ្រប់លំដាប់ថ្នាក់ នៃខេត្តព្រះវិហារ ដែលបានខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទី ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរក្សា សន្តិសុខ ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលទទួលរងផលប៉ះពាល់ដោយវិបត្តិជំងឺកូវីដ-១៩។
ទេសរដ្ឋមន្ដ្រី មាស សុភា ក៏បានដាក់ចេញការណែនាំមួយចំនួន ដល់រដ្ឋបាលខេត្តព្រះវិហារ ក្នុងទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២២រួមមាន៖
* ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខ សណ្តាប់ធ្នាប់សាធរណៈ
* ការងនុវត្តន៍កំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ
* ការគ្រប់គ្រងធនធានធម្មជាតិ និងការដោះស្រាយវិវាទដីធ្លី
* ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍតំបន់ព្រំដែន
* ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម
* ការរៀបចំប្រព័ន្ធផែនការ និងការពង្រឹងប្រព័ន្ធគណនេយ្យភាពសង្គម
* ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាន
* ការពង្រឹងការអនុវត្តន៍វិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងទប់ស្កាត់នឹងជំងឺកូវីដ-១៩
* ការពង្រឹងរបៀបរបបការងារសង្គមផងដែរ៕