ឃាត់ខ្លួនមន្ត្រីអាវុធហត្ថម្នាក់ ក្រោយដកកាំភ្លើងខ្លីអួតមិត្តភក្តិហើយលេងរាលកៃផ្ទុះចំកធ្លាយមកក្បាលបណ្តាលឱ្យស្លាប់

កំពង់ស្ពឺ៖ មន្ត្រីអាវុធហត្ថខេត្តតាកែវមួយរូបត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីយកកាំភ្លើងខ្លីអួតមិត្តភក្តិលេងហើយរាលកៃផ្ទុះធ្លាយពីបំពង់កដល់ក្បាលបណ្តាលឱ្យស្លាប់បាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីរំលងអាធ្រាត្រ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ក្នុងកម្មវិធីកង្កក់កូន ស្ថិតនៅក្នុងភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

យោងតាមសម្តីសមត្ថកិច្ចខេត្តកំពង់ស្ពឺប្រាប់នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ថា ជនដៃដល់ដែលបានឃាត់ខ្លួនមានឈ្មោះ ផៃ បញ្ញា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំពង់ទួល ឃុំ អន្លង់រមៀត ស្រុកកណ្តាលស្ទឹង  ខេត្តកណ្តាល ជាមន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវ។ ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុច ភារុណ ភេទប្រុស អាយុ៣៣ឆ្នាំ  រស់នៅភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹងខេត្តកណ្តាល មុខរបរកសិកររស់នៅភូមិ-ឃុំជាមួយគ្នា។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុគឺម្ចាស់កម្មវិធីឈ្មោះសៅ អ៉ឹង ភេទប្រុស អាយុ៦០ឆ្នាំមុខរបរកសិករ រស់នៅភូមិក្រាំងទ្រា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានអញ្ជើញជនរងគ្រោះនិងមន្ត្រីអាវុធហត្ថរូបនោះចូលរួមក្នុងកម្មវិធីកង្កក់កូន។ហើយនៅពេលផឹកសុីស្រវឹងមន្ត្រីអាវុធហត្ថរូបនោះបានដើរទៅយកកាំភ្លើងមិនស្គាល់ម៉ាកពីក្នុងឡានមកបង្អួតនិងប្រលែង ក្រោយមកក៏កៀកស្មាយកកាំភ្លើងភ្ជុងបំពងកលេងក៏ រាលកៃផ្ទុះចំបំពង់កបណ្តាលឱ្យគ្រាប់កាំភ្លើងធ្លាយពីកចេញទៅក្បាលរងរបួសធ្ងន់។ក្រោយឃើញហេតុការណ៍ដូច្នេះជនបង្កក៏បានដឹកបញ្ជូនជនរងគ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យកម្ពុជា-សូវៀត( រុស្សុី) ដោយរបួសធ្ងន់ធ្ងរជនរងគ្រោះក៏បានស្លាប់បាត់បង់ជីវិត។

ក្រោយការស្លាប់របស់ជនរងគ្រោះ សាច់ញាតិនិងក្រុមគ្រួសារក៏បានធ្វើការប្តឹងឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះនិព្វាន្តនិងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនជនបង្កយកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *