ព្រះវិហារៈ លោក សុខ សាន្តតារ៉ា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ បានដឹកនាំក្រុមការងារយុវជនគណបក្សស្រុក ឃុំចុះជួយជួសជុល ផ្ទះជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន១គ្រួសារ និងបានចែកអំណោយជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៥គ្រួសារទៀត នៅភូមិគុណភាព ឃុំឆែបពីរ ស្រុកឆែប។
នៅក្នុងឱកាសនេះដែរ លោក សុខ សាន្តតារ៉ា បានថ្លែងជំរាបជូនប្រជាពលរដ្ឋ ពីការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់កណ្តាល ថ្នាក់ដឹកនាំយុវជនគណបក្សថ្នាក់ខេត្ត ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ ប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ចុះជួយស្រុកឆែប ក៏ដូចជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់គិតគូរ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោកប្រធានគណបក្សស្រុកឆែប ក៏បានថ្លែងជំរាបជូនបងប្អូនប្រជាពលរដ្ឋ ពីតម្លៃសុខសន្តិភាពដែលមាននៅក្នុងប្រទេសយើងបច្ខុប្បន្ន ដែលគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំដ៍ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សជាច្រើនរូបទៀត ខំរកបានដោយលំបាក តាមរយៈការបូជានូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងបុព្វហេតុទុកជាប្រយោជន៍សម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋយើង។
លោក សុខ សាន្តតារ៉ា បានថ្លែងជំរាបបងប្អូនប្រជាពលរដ្ឋយ៉ាងដូច្នេះទៀតថា «បើគ្មានសុខសន្តិភាព បើគ្មានគណបក្សប្រជាជនកម្ពុជាទេ ប្រទេសជាតិយើងក៏គ្មានការអភិវឌ្ឍន៍រីកចម្រើនដូចសព្វថ្ងៃនេះដែរ ហើយបើគ្មានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋក៏គ្មានសិទ្ធសេរីភាពក្នុងការធ្វើដំណើរនិងប្រកបមុខរបរផ្សេងៗទៀតបានដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សយូរអង្វែងតទៅទៀត ដោយមិនត្រូវជឿតាម ការញុះញង់ បោកប្រាស់របស់ក្រុមប្រឆាំងមួយក្តាប់តូច ដែលមានចេតនាចង់បំផ្លាញសុខសន្តិភាពនៅក្នុងប្រទេសយើងនោះទេ៕