ដោយ៖សេង ពិសិដ្ឋ
ព្រះវិហារៈ អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដែលចំណាយថវិកាអស់ចំនួន១១៥លានរៀល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមវត្តមានឯកឧត្ដមទេសរដ្ឋមន្រ្តី មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាប្រធាន ក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២២នេះ។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ លោក សួស សុខដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកគូលែន សមាជិកសមាជិការ អង្គភាពជុំវិញ ព្រមទាំងវត្តមាន លោក លោកស្រី ជាក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្ត ស្រុក ឃុំ និងគណៈកម្មាធិការគណបក្ស ខេត្ត ស្រុក ឃុំ ក្រុមការងារ យុវជនគណបក្សខេត្ត ស្រុក ឃុំជាច្រើនរូបផងដែរ។
លោក សួស សុខដារ៉ា បានបញ្ជាក់ថា អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្ត ព្រះវិហារ មានទំហំ ៩ម×៧ម សាងសង់ឡើងអំពីថ្មប្រក់ក្បឿង ក្រាលការ៉ូ ទាំងរបងខ្លោងទ្វា សម្ភារៈបំរើការងារ ចំណាយថវិកាអស់ចំនួន ១១៥លានរៀល នេះដែលជាថវិការបស់ឯកឧត្ដម ទេសរដ្ឋមន្រ្តី មាស សុភាប្រធានក្រុមការងារថ្នាក់កណ្ដាល ព្រមទាំងសប្បុរសជននានាផងដែរហើយការកសាងអគារថ្មីនេះឡើង ក្នុងគោលបំណងងាយស្រួលដល់មន្រ្តីគណបក្សមានកន្លែងធ្វើការសមរម្យ។
ឯកឧត្ដម ប្រាក់ សុវណ្ណ ក្នុងចំណោមសមទ្ធិផលជាច្រើនដែលបានកើតឡើងនឹងកំពុងកើតឡើងជាបន្តបន្ទាប់ ជាយុទ្ធសាស្ត្រ និងទិសដៅរបស់គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលបានដាក់ចេញនូវទិសដៅពន្លឿនការសាងសង់អគារទីស្នាក់ការគណបក្ស ឱ្យបានគ្រប់ឃុំ/សង្កាត់ទាំង៥១ នៅទូទាំងខេត្តព្រះវិហារ។
នេះជាពាក្យពេជ្រមួយមានន័យទូលំទូលាយ និងមិនអាចកាត់ថ្លៃបានចំពោះជាតិ និងប្រជាជនយើង មានសន្តិភាពទើបមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។
ឯកឧត្ដម ទេសរដ្ឋមន្រ្តី មាស សុភា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងឥស្សរជនទាំងអស់ បានកំណត់យកការសង្រ្គោះប្រជាពលរដ្ឋនៅទូទាំងប្រទេសជាកត្តាអាទិភាពខ្ពស់បំផុត ដូចស្តែងឡើងតាមរយៈគំរូវីរភាពក្នុងដំណាក់កាលសំខាន់ៗ ក្នុងប្រវត្តិសាស្ត្រកម្ពុជា រួមមានជាអាទិ៍ការយកអាយុជីវិតធ្វើជាដើមទុនក្នុងការរំដោះពីការសម្លាប់រង្គាលរបស់របបប៉ុលពត ការប្តូរជីវិតចូលតំបន់ឧទ្ទាមដើម្បីអនុវត្តនយោបាយឈ្នះ-ឈ្នះ ។
ដែលនាំមកនូវសន្តិភាពពសពេញផ្ទៃប្រទេស និងថ្មីៗនេះ គឺការសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋចេញពីមាត់មច្ចុរាជកូវីដ-១៩ ដោយមិនមានការរើសអើង និងប្រកាន់និន្នាការនយោបាយណាមួយទ្បើយ ។
ដែលផ្ទុយពីអ្នកនយោបាយជ្រុលនិយមមួយចំនួន តែងតែចិញ្ចឹមចិត្តរង់ចាំតែរកចន្លោះដើម្បីកេងចំណេញមហិច្ឆិតានយោបាយរបស់ខ្លួន ដោយមិនខ្វល់ពីសុខទុក្ខ និងការស្លាប់រស់របស់ប្រជាពលរដ្ឋឡើយ។
ឯកឧត្ដម មាស សុភា ក៏បានថ្លែងអរគុណដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគូលែន និងក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកគូលែន ក៏ដូចជាក្រុមការងារគណបក្សស្រុក ឃុំ ដែលបានរួមសហការគ្នាកសាងសង់អគារស្នាក់ការគណបក្សនេះឡើង ហើយលោកក៏សូមអំពាវនាវឲ្យរួមគ្នាថែរក្សាសមិទ្ធផលនេះប្រយោជន៍ឲ្យការប្រើប្រាស់បានយូរអង្វែង ពិសេសត្រូវមានមន្ត្រីប្រចាំការនៅស្នាក់ការផងដែរ៕