អាជ្ញាធរមីនកម្ពុជារៀបចំមិទ្ទីញរំលឹកខួបលើកទី២៣ ទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ

ព្រះវិហារ ៖ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តី ទទួល បន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា និងជាតំណាងដ៏ខ្ពង់ ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីនកម្ពុជា បានស្នើដល់អាជ្ញាធរដែនដី ត្រូវបំផុសឱ្យប្រជាពលរដ្ឋយើងចូលរួមអនុវត្តនូវគោលនយោ បាយ ភូមិ-ឃុំមានសុវត្ថិភាព និងត្រូវមានវិធានការតឹងរ៉ឹងបំផុតចំពោះទង្វើទាំងឡាយណាដែលនៅតែបំពាន ដូចជា ការលេងគ្រាប់ ការកែច្នៃគ្រាប់ធ្វើកាំជ្រួច ឬបោកត្រី។ល។ និងបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់នូវច្បាប់គ្រប់ គ្រងអាវុធជាតិផ្ទុះ និងផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋបានជ្រួតជ្រាប។

ឯកឧត្តមទេសរដ្ឋមន្តីបានថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញជាអធិបតីភាពក្នុងមិទ្ទីញរំលឹកខួបលើកទី២៣ ទិវាជាតិយល់ ដឹងអំពីមីន ២៤កុម្ភៈ នៅក្នុងបរិវេណមណ្ឌលកីឡដ្ឋាន ខេត្ត ព្រះវិហារ នាព្រឹកថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីនកម្ពុជា លោក យុង គឹមហ៊ាន អភិបាលរង ខេត្តព្រះវិហារ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការង អាជ្ញាធរមីនកម្ពុជា ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ន ប្រតិបត្តិករសកម្មភាពមីន អង្គការជាតិ អន្តរជាតិ ថ្នាក់ ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរស្រុក យាយជី តាជី ប្រជាពល រដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សចូលរួមយ៉ាង ច្រើនកុះករ ។

ឯកឧត្តម យុង គឹមហ៊ាន អភិបាលរងខេត្ត បានឱ្យដឹងថា សង្គ្រាមរ៉ាំរ៉ៃនាពេលកន្លង មក បានបន្សល់ទុកនូវផល វិបាកដល់សង្គមជាតិ និងប្រជាពលរដ្ឋយ៉ាងច្រើននៅលើទឹកដីនៃខេត្តព្រះវិហារ ក៏ដូចជាក្នុងប្រទេសកម្ពុជា ជាពិសេសគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលនៅកប់រាយប៉ាយក្នុងតំបន់រស់នៅ និងការបង្កបង្កើនផល ហើយមកដល់ពេលនេះ គ្រោះថ្នាក់ដែលបណ្តាលមកពីគ្រាប់មីន និងសំណល់ជាតិផ្ទុះដែលសល់ពីសង្គ្រាមផ្សេងៗ នៅតែបន្តគំរាមកំហែងជារឿយៗ មកលើអាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិរបស់បងប្អូននៅឡើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅឆ្នាំ១៩៩៨ កម្ពុជាទទួលបានសន្តិភាព ពេញលេញទូទាំងប្រទេស ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិ បាល មានលទ្ធភាពគ្រប់គ្រាន់ ចាត់ចែងការងារវិស័យសកម្ម ភាពមីន នៅគ្រប់តំបន់ដែលរងការគំរាមកំហែងដោយសារគ្រាប់ទាំងនោះ ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមបានបន្តអំពាវនាវដល់ដៃគូអភិវឌ្ឍ អង្គការជាតិ -អន្តរជាតិ និង វិស័យឯកជននានា សូមបន្តជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស ស្មារតី សម្ភារៈ និងថវិកា ដើម្បីបន្តនិរន្តរភាពក្នុងការអនុវត្តសកម្មភាពអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យអស់ពីទឹកដីកម្ពុជា ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *