បុរសម្នាក់ត្រូវបានប៉ូលិសស្រុកកោះធំឃាត់ខ្លួនជាមួយថ្នាំញៀនមួយថង់តូច

កណ្តាល ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកកោះធំឃាត់ខ្លួនជាមួយថ្នាំញៀនមួយថង់តូច បន្ទាប់ពីមានពលរដ្ឋល្អរាយការណ៍ប្រាប់ ត្រង់ចំណុចកេីតហេតុលើផ្លូវជាតិលេខ១១០ ស្ថិតនៅភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២  វេលាម៉ោង៤ល្ងាច។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស្រ៊ាវ  ផល្លី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតាទៀង ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល  មុខរបរកសិករ។ធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលទ្ធផលវិជ្ជមាន(+)។វត្ថុតាងចាប់យកមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក(ice)ចំនួន០១កញ្ចប់តូច,ម៉ូតូសង់ការ៉េ ចាស់១គ្រឿងនិងទូរសព្ទដៃម៉ាកណូគាចុចពិលពណ៌ខ្មៅចំនួន០១គ្រឿង។

ប៉ូលិសបន្តថា កាលពីថ្ងៃទី១៨ ខែកុម្ភៈ   ឆ្នាំ២០២២  វេលាម៉ោង២និង២៧នាទីរសៀល មានប្រជាពលរដ្ឋល្អ គាត់បានរាយការណ៍មកកាន់ប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ្រោយតាកែវថា  «មានមុខសញ្ញាកំពុងតែធ្វើសកម្មភាពជិះម៉ូតូទៅទិញថ្នាំញៀន នៅចំណុចព្រែកកណ្តាល ស្ថិតនៅក្នុងភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល»។

ក្រោយពេលទទួលបានព័ត៌មានភ្លាមលោកនាយប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ្រោយតាកែវ បានដឹកនាំកម្លាំងចុះល្បាតពួកស្ទាក់តាមផ្លូវជាតិលេខ១១០ ម្តុំភូមិព្រែកតាសេក ឃុំជ្រោយតាកែវ ស្រុកកោះធំ ។ រហូតដល់វេលាម៉ោង៤ល្ងាច ក៏បានឃើញមុខសញ្ញាខាងលើជិះម៉ូតូធ្វើដំណើរមកដល់ហើយសមត្ថកិច្ចបានធ្វើការស្ទាក់ផ្លូវដើម្បីឃាត់សួរនាំស្រាប់តែមុខសញ្ញាសង្ស័យបានលូកយកថ្នាំញៀនមួយកញ្ចប់តូចយកមកបោះចោលទៅលើផ្លូវជាតិលេខ១១០។

ប៉ូលិសបន្តទៀតថា នៅពេលនោះសមត្ថកិច្ចបានឃាត់ម៉ូតូនិងជនសង្ស័យឱ្យឈប់ រួចចាប់យកវត្ថុតាងថ្នាំញៀនមួយកញ្ចប់តូចដែលជារបស់ជនសង្ស័យដែលបានបោះចោលនោះ។បន្ទាប់មកកម្លាំងប៉ូលិសបានបញ្ជូនជនសង្ស័យនិងវត្ថុតាងថ្នាំញៀនយកមកកាន់អធិការដ្ឋានស្រុកកោះធំ ដើម្បីសាកសួរនឹងកសាងសំណុំរឿង។

នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យខាងលើនេះបានឆ្លើយសារភាពថា «ចំពោះថ្នាំញៀនម៉ាទឹកកកមួយកញ្ចប់តូចនេះគឺរូបគាត់បានទៅសុំពីមិត្តភក្តិដែលជាអ្នកលក់ចែកចាយថ្នាំញៀនម្នាក់ឈ្មោះ អ៊ាវ រស់ ភេទប្រុស អាយុជាង៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ក្នុងគោលបំណងយកថ្នាំញៀននេះមកទុកប្រើប្រាស់ជក់តែម្នាក់ឯងប៉ុណ្ណោះ»៕ ដោយ ភាវុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *