ខេត្តស្វាយរៀង៖មានការភ្ញាក់ផ្អើលទៅដល់ប្រជាពលរដ្ឋធ្វើដំណើរតាមផ្លូវខណៈដែលប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់នៅក្នុងទឹកជាប់ចិញ្ចើមផ្លូវ ក្បែរស្ពាន នាំគ្នាឈប់មើលហើយប្តឹងសមត្ថកិច្ចឲ្យមកពិនិត្យមើល។ ករណីប្រទះឃើញសពនេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២២ នៅចំណុចខាងកើតស្ពានខ្សែត្រចម្ងាយ១០០ម៉ែត្រស្ថិតនៅភូមិ ពោធិ ឃុំ ខ្សែត្ រស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង។ បើតាមសមត្ថកិច្ចបានឲ្យដឹងថា មានប្រជាពលរដ្ឋ ឈ្មោះសារ៉ាតបានមក រាយការណ៍ ផ្ទាល់ មាត់ ថាមានមនុស្សស្លាប់នៅក្នុងទឹកនៅចំណុចខាងកើតស្ពាន ខ្សែត្រ ចម្ងាយប្រហែលជា១០០ម៉ែត្រ។
ប្រភពបន្តទៀតថា៖ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រក៏បាន សហការ ជា មួយ កម្លាំង ជំនាញនៃអធិការដ្ឋាននគបាលស្រុកចុះទៅពិនិត្យនៅកន្លែងកើតហេតុ។ក្រោយពីចុះពិនិត្យនិងធ្វើ កោសល្យវិច្ច័យរួច គឺសន្និដ្ឋានថា ជាករណីគ្រោះថ្នាក់ចរាចរណ៍បន្ទាប់មកក្រុមគ្រូពេទ្យ ចុះទៅដល់កន្លែងកើតហេតុពិនិត្យធ្វើកោសល្យវិច្ចយ័ គឺពិតជាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន។បន្ទាប់មកក៏បានស្គាល់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះស៊ុន វុទ្ធី ភេទប្រុស អាយុ៤០ឆ្នាំមុខរបរជាងសំណង់មានទីលំនៅភូមិ ខ្សែត្រ ឃុំ ខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
បើតាមស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ប្តីរបស់គាត់មានឈ្មោះ ស៊ុន វុទ្ធី ហៅសុធី កន្លងមកប្តីរបស់គាត់នៅពេលចេញពីធ្វើការ ជាជាងផ្ទះតែងតែផឹកជាប្រចាំរាល់ល្ងាចហើយនៅល្ងាចថ្ងៃទី៥កុម្ភៈ ប្តីគាត់បានជិះម៉ូតូ ១គ្រឿងម៉ាកហុងដា សេ១២៥ សារី២០២១ ពាក់ស្លាកលេខភ្នំពេញ1ID-1624 ចេញពីកន្លែងធ្វើផ្ទះឲ្យគេ បានផឹកស៊ី មិនដឹងថា ផឹកដល់ម៉ោងប៉ុន្មានទេ ហើយក៏បាត់ដំណឹង១យប់មិនឃើញត្រឡប់ទៅផ្ទះវិញនោះឡើយស្រាប់តែព្រឹកឡើងមានគេប្រាប់ថាប្តីគាត់ដួលម៉ូតូស្លាប់នៅជិតស្ពានខ្សែត្រ។
សមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុឃើញស្នាមដួលម៉ូតូអុសចម្ងាយជិត៣០ម៉ែត្រម៉ូតូហោះធ្លាក់ចុះទៅក្នុងទឹកស្រែរីឯជនរងគ្រោះបោកក្បាលទៅលើថ្ន់ល់កៅស៊ូហើយរបូតមួកសុវត្ថិភាពចេញពីក្បាល ខ្ទាតធ្លាក់ចូលក្នុងទឹកបណ្តាលឲ្យបែកក្បាលស្លាប់តាំងតែពីយប់មកម្លេះដោយនៅកន្លែងកើតហេតុឆ្ងាយពីផ្ទះអ្នកស្រុកទើបគ្មានអ្នកណាបានដឹងឬឃើញ។ក្រោយ ពី សមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានពិនិត្យធ្វើ កោសល្យវិច្ច័យ រួចរាល់ បានបញ្ជាក់ ថា ឈ្មោះស៊ុន វុទ្ធី ពិត ជា បាន ស្លាប់ ដោយ ករណី គ្រោះ ថ្នាក់ ចរាចរណ៍ ពិត ប្រកដ មែន ។ មូលហេតុ៖ ជនរងគ្រោះបើកបរ ម៉ូតូ មានល្បឿនលឿនក្នុងស្ថានភាពស្រវឹង។ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕