ព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរដល់លោក ដាវិស បេន យ៉ូសសែប និងគ្រួសារដែលបានចូលរួមការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកនៃខេត្តព្រះវិហារ

ព្រះវិហារៈ លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារ សរុបចំនួន៤នាក់ ដែលបានលះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ ដល់គ្រួសារលោក ដាវិស បេន យ៉ូសសែប ដែលមានសាមជិក៖ ១.លោកដាវិស បេន យ៉ូសសែប ២.លោកកស្រី ដាវិស សារិន ប៉ាទ្រីសា ៣.កុមារី ដាវិស អាម៉ាលី ការីស ៤.កុមារី ដាវិស ចារ៉ាកាមីល។ នេះ បើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២២ ដែល AMS ទើបតែទទួលបាននៅព្រឹកថ្ងៃទី៣១ ខែមករាឆ្នាំ២០២២នេះ។ លោក ដាវិស បេន យ៉ូសសែប រួមទាំងភរិយា ដែលជាជនជាតិអូស្ត្រាលី បានចូលរួមការពារ និងអភិរក្សព្រៃឈើ សត្វព្រៃ ជាមួយរាជរដ្ឋាភិបាលកម្ពុជា អស់រយៈពេលជាង២០ឆ្នាំហើយ រហូតបានបង្កើតជាតំបន់អភិរក្សសត្វ និងព្រៃឈើនៅភ្នំត្នោត-ភ្នំពក នៅខេត្តព្រះវិហារ។សូមជម្រាបថា លោក ដាវិស បេន យ៉ូសសែប និងក្រុមគ្រួសាររបស់គាត់ និងបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ ដែលសកម្មភាពនេះ ទទួលបានការគាំទ្រពីក្រសួងបរិស្ថា ក្នុងការងារថែរក្សា និងការពារសម្បត្តិធម្មជាតិ នៅដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងខេត្តព្រះវិហារ។ ក្រសួងបរិស្ថាន ពិសេសតាមរយៈឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង និងលើកទឹកចិត្តដល់លោក បេន ដាវិស និងក្រុមគ្រួសារ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក។គួររម្លឹកថា កាលពីខែមករា ឆ្នាំ២០១៩ កន្លងមកនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានប្រគល់ជូនលោក បេន ដេវីស នូវរថយន្ត១គ្រឿង និងម៉ូតូ២គ្រឿង សម្រាប់ដើរល្បាតនៅដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្នុងខេត្តព្រះវិហារ។គួរបញ្ជាក់ថា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២,០៩៧ហិកតា។ក្នុងនោះ លោក បេន បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវចម្រុះច្រើនប្រភេទ។ តំបន់អភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពកត្រូវបានក្រសួងបរិស្ថាន ផ្តល់កិច្ចសហការអភិរក្សដល់គម្រោងប៊ីទ្រីរបស់លោក បេន ដេវីស និងបានធ្វើឱ្យក្លាយជាតំបន់ទេសចរណ៍បែបធម្មជាតិ៕(SKS)

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *