ដោយ៖ភា វុន
កណ្តាល ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្តាលសហការជាមួយកម្លាំងប៉ុស្តិ៍មូលដ្ឋាន បានឃាត់ជនសង្ស័យ២នាក់ នាថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០២១ ក្នុងករណីអំពើលួចគាស់ហាង យីហោ«សន្យា» ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល កាលពីពេលថ្មីៗកន្លងទៅ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សម្ភារៈបាត់បង់រួមមាន ១.ម៉ាស៊ីនឌីជេ ចំនួន១គ្រឿង,២.ធុងបាសធំ(សាហ្វ)១គ្រឿង,៣.បាស់សូឡូ ១គ្រឿង,៤.ម៉ិចស៊រសំលេង១គ្រឿង សរុបទឹកប្រាក់ប្រហែល១ម៉ឺនដុល្លារ ។
ចំណែកជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ គង់ ដាវី ហៅមាស សុវណ្ណារិទ្ធ ហៅផល ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនិង២-ឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក ១.រថយន្តម៉ាក KIA CARNIVAL ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ មិនមានស្លាកលេខ,២. ធុងបាស០១គ្រាប់,៣. ម៉ាសុីនចាក់ឌីជេ ០១គ្រាប់,៤.កន្ត្រៃកាត់ដែក ពណ៌បៃតង ប្រវែង០១ម៉ែត្រ,៥.មេសោរសូឡេច០១ និង៦.ស្ព្រាយបាញ់ទ្វារ០១កំប៉ុង ។
សមត្ថកិច្ចបានបន្តថា កាលពីថ្ងៃ០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង៤៥នាទីអធ្រាត្រ មានជនសង្ស័យ២នាក់បានជិះឡានមួយគ្រឿងពណ៌ខ្មៅ មិនស្គាល់ម៉ាក មកឈប់នៅចំណុចមុខហាង «សន្យា» ស្ថិតនៅភូមិព្រែកសំរោងសង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ហើយនាំគ្នាដើរសំដៅទៅក្លោងទ្វារហាង រួចយកកន្ត្រៃកាត់មេសោរទ្វារ និងមានស្ព្រាយបាញ់កង់ទ្វារឱ្យងាយស្រួលរុញទ្វារបើកកុំឱ្យឮសម្លេងខ្លាំង។
បន្ទាប់មកជនសង្ស័យក៏បាននាំគ្នាចូលទៅក្នុងហាង និងបានធ្វើសកម្មភាពលួច ឧបករណ៍ភ្លេង មួយចំនួនដូចជា ១.ម៉ាស៊ីនឌីជេចំនួន៣គ្រឿង ,២.ធុងបាស់ធំ(សាហ្វ)១គ្រឿង, ៣. បាស់សូឡូ ចំនួន១គ្រឿង ,៤.ម៉ិចស៊រសំលេង១គ្រឿង ហើយលើកយកទៅដាក់ក្នុងឡាន( ប្រើរយៈពេលប្រហែលកន្លះម៉ោង) ក្រោយពីធ្វើ សកម្មភាពរួច ជនសង្ស័យក៏បាននាំគ្នាបើកឡានគេចខ្លួន បាត់តែម្តង។
ជាលទ្ធផលស្រាវជ្រាវស៊ើបអង្កេតប៉ូលិសឃាត់ជនសង្ស័យទាំងពីរនាក់ គឺ ១.ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផលនិង ២.ឈ្មោះ ចាន់ សុធី បានឆ្លើយសារភាពថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ទឹង (កម្មករក្នុងហាង) ភេទប្រុស អាយុប្រហែល ៣៧ឆ្នាំ មិនស្គាល់ទីលំនៅ បានទំនាក់ទំទងគ្នា តាមប្រព័ន្ធTelegram ដោយថតរូបឧបករណ៍ភ្លេង ផ្សេងៗ នៅក្នុងហាងសន្យា ផ្ញើមកឱ្យឈ្មោះ គង់ ដាវី ដើម្បីមកធ្វើសកម្មភាពលួច។
លុះនៅថ្ងៃទី០១តុលាឆ្នាំ២០២១ ឈ្មោះ គង់ ដាវី ហៅផល បានរៀបចំផែនការ លួចសម្ភារៈក្នុងហាងនោះ ដោយឈ្មោះ ទឹង បានជិះម៉ូតូម៉ាក Suzuki Viva ទៅចាំនៅផ្ទះជួល របស់ គង់ ដាវី នៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ ហើយឈ្មោះ គង់ ដាវី បានជិះរថយន្តម៉ាក KIA ពណ៌ខ្មៅ គ្មានផ្លាកលេខ ចេញពីម្ដុំស្ថានីយ៍ទូរទស្សន៍បាយ័ន និងបានតេទូរសព្ទប្រាប់ឈ្មោះ ចាន់ សុធី ឱ្យមកឈរចាំនៅលើផ្លូវជាតិលេខ១ ជិតស្ពានច្បារអំពៅ រួចយកកន្ដ្រៃទៅជាមួយផង ។បន្ទាប់មកក៏ចេញទៅយកឈ្មោះ ទឹង នៅផ្ទះជួលភូមិត្នោតជ្រុំ។រហូតដល់វេលាម៉ោង១២យប់ ឈានចូលថ្ងៃទី០២តុលាឆ្នាំ២០២១ ឈ្មោះ ទឹង បានប្រាប់ផ្លូវ ធ្វើដំណើរ មកហាងមួយកន្លែង យីហោ«សន្យា» ស្ថិតនៅភូមិសាស្ត្រ ក្រុងតាខ្មៅ។ ដល់វេលាម៉ោង១២និង៤៥នាទីអធ្រាត្រ បានធ្វើសកម្មភាពលួចតែម្តង ដោយឈ្មោះ គង់ ដាវី ហៅរិទ្ធ ហៅផល និង ឈ្មោះ ចាន់ សុធី បានយកកន្ត្រៃដែកដងពណ៌ខៀវ ប្រវែង១ម៉ែត្រ កាត់សោរបើកទ្វារចូលទៅលួចឧបករណ៍ភ្លេងបានមួយចំនួន ១.ម៉ាស៊ីនចាក់ឌីជេ១គ្រឿង ២.ម៉ាស៊ីន ម៉ិចស៊រ១គ្រឿង ,៣.ធុងបាសចំនួន២គ្រឿង ។ ចំណែកឈ្មោះ ទឹង អង្គុយចាំក្នុងឡាន ជាអ្នកមើលផ្លូវ ។ ក្រោយពីលួចបាន ភ្លាមឈ្មោះ ទឹង បានដើរទៅផ្ទះ ចំណែកឈ្មោះ គង់ ដាវី និង ឈ្មោះ ចាន់ សុធី បានដឹកឧបករណ៍ភ្លេងទាំងនោះ ទៅទុកនៅផ្ទះជួលរបស់ឈ្មោះ គង់ ដាវី ។
មកដល់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១និង៤០នាទី ឈ្មោះ ចាន់ សុធី បានយកម៉ាស៊ីនចាក់ឌីជេ ១គ្រឿង ជិះPassApp យកទៅលក់នៅចំណុច ចុងស្ពានដែកចំការដូង លក់ក្នុងតម្លៃ ៣៥០ដុល្លារ (បីរយហាសិបដុល្លារ) ។រហូតដល់ថ្ងៃទី២០តុលា២០២១ ទើបកម្លាំងប៉ូលិសជំនាញស្រាវជ្រាវ ឃាត់ខ្លួន ឈ្មោះ គង់ ដាវី ហៅ មាស សុវណ្ណារិទ្ធ ហៅ ផល និង ឈ្មោះ ចាន់ សុធី រួមជាមួយនឹងវត្ថុតាង។
ចំពោះករណីនេះសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕