ប្រជាពលរដ្ឋជាច្រើននាក់នៅស្រុកត្បែងមានជ័យ មកជួបជុំគ្នានៅមុខសាលាស្រុកត្បែងមានជ័យដើម្បីស្នើសុំស្នាមមេដៃវិញក្រោយអាជ្ញាធរឲ្យពួកគាត់ផ្តិតមេដៃធ្វើប្លង់ដី តែជាបែរជាយកទៅសំអាងសម្រាប់សាងសង់ប្រាសាទវិញ

ដោយ៖សេង ពិសិដ្ឋ

ព្រះវិហារ÷ នៅព្រឹកថ្ងៃទី២១ ខែតុលាឆ្នាំ២០២១នេះ ប្រជាពលរដ្ឋជាច្រើននាក់ ដែលរស់នៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ បានមកជួបជុំគ្នានៅក្នុងបរិវេណសាលា ស្រុកត្បែងមានជ័យ ដើម្បីសុំជួបលោកអភិបាលស្រុក និងស្នើសុំស្នាមមេដៃត្រឡប់ទៅវិញ បន្ទាប់ពីពួកគាត់បានផ្តិតតាមរយៈសមាជិកភូមិម្នាក់ថា ផ្តិតដើម្បីធ្វើប្លង់ដីផ្ទះរបស់ពួកគាត់ ប៉ុន្តែបែរជាយកទៅសាងសង់ប្រាសាទវិញ។

ដំណាងប្រជាពលរដ្ឋម្នាក់បានអោយដឹងថា ពួកគាត់ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិសេដ្ឋកិច្ច ឃុំឈានមុខ ត្រូវបានសមាជិកភូមិម្នាក់បានដើរឲ្យពួកគាត់ផ្តិតមេដៃ ដោយនិយាយថា យកស្នាមមៃដៃរបស់ពួកគាត់ ដើម្បីស្នើសុំធ្វើប្លង់ដី ប៉ុន្តែបន្ទាប់ពីពួកគាត់បានផ្តិតមេដៃរួច ទើបពួកគាត់ទទួលព័ត៌មានថា ស្នាមមៃដៃរបស់ពួកគាត់ដែលបានផ្តិតនោះ គេមិនយកទៅស្នើសុំធ្វើប្លង់ដីនោះទេ គឺយកទៅដើម្បីស្នើសុំសាងសង់ប្រាសាទទៅវិញ ទើបពួកគាត់ភ្ញាក់ខ្លួននាំគ្នាមកស្នើរសុំមេដៃដែលបានផ្តិតត្រឡប់ទៅវិញ។

គាត់បានបន្តថា ការដែលពួកគាត់ព្រមផ្តិតមេដៃឲ្យសមាជិកភូមិរូបនេះ ក៏ដោយសារគាត់ជា មនុស្សរាប់អានគ្នាក្នុងភូមិ ទើបមិនបានសួរនាំដេញដោលច្បាស់លាស់នោះទេ។ ប៉ុន្តែពួកគាត់មកនេះ គ្រាន់តែចង់សុំស្នាមមេដៃពីលោកអភិបាលស្រុក យកត្រឡប់ទៅវិញតែប៉ុណ្ណោះទេ ព្រោះពួកគាត់ខ្លាចគេយកស្នាមមេដៃរបស់ពួកគាត់ទៅធ្វើ រឿងផ្សេងៗដែលពួកគាត់មិនបានដឹង។

ដោយឡែកលោក ម៉ៅ សាត់ សមាជិកភូមិដែលជាអ្នកដើរឲ្យពលរដ្ឋផ្តិតមេដៃនោះ បានបញ្ជាក់ថា ឯកសារដែលគាត់យកឲ្យពលរដ្ឋផ្តិតមេដៃនោះ គាត់ទទួលបានពីលោកជំទប់ទី២ឃុំឈានមុខ ហើយលោកក៏មិនដឹងថាឯកសារនោះជាស្អីដែរ ព្រោះឃើញមានតែផែនទី ដែលលោកគិតថា ជាផែនទីកំណត់ព្រំរវាងដីប្រជាពលរដ្ឋ និងដីសម្រាប់សាងសង់ប្រាសាទ។

ចំណែកលោក ទន់ ហំ ជំទប់ទី២ឃុំឈានមុខ បាននិយាយថា ឯកសារនេះ លោកទទួលបានពីលោលអភិបាលស្រុកត្បែងមានជ័យ ហើយលោកក៏បានឲ្យទៅសមាជិកភូមិ យកទៅឲ្យប្រជាពលរដ្ឋផ្តិតមេដៃដើម្បីសាងសង់ប្រាសាទមិនមែនដើម្បីធ្វើប្លង់ដីនោះទេ។

លោក នុត សោភ័ណ្ឌ អភិបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃមិញថា ករណីឲ្យប្រជាពលរដ្ឋផ្តិតមេដៃនេះ គឺមិនមែនដើម្បីធ្វើប្រាសាទនោះទេ គឺដើម្បីកំណត់ព្រំដីរបស់គាត់ឲ្យបានច្បាស់លាស់ ចៀសវាងការធ្វើប្លង់ដីនៅថ្ងៃក្រោយ មានការប្រែប្រួល។

ចំពោះស្នាមមេដៃដែលពួកគាត់បានផ្តិត គឺមិនយកទៅណា ឬយកទៅធ្វើអីទេ ហើយនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយនេះ លោកនឹងយកទៅប្រគល់ឲ្យវិញ ដោយលោករៀបចំធ្វើពិធីមួយជួបជុំជាមួយ ប្រជាពលរដ្ឋនៅសាលាឃុំឈានមុខតែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *