ដោយ៖មិន ភក្ដី
ខេត្តស្វាយរៀង៖នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ដឹកនាំដោយលោក វណ្ណ សុមុន្នី អភិបាលក្រុងបាវិតស្តីទីបានដឹកនាំក្រុមការងារចម្រុះចុះផ្អាកការសាង សង់សំណង់ និងការចាក់បេតុងខ្ពស់ជាងផ្លូវ នៅលើដីចំណីផ្លូវសាធារណ:របស់រដ្ឋ ផ្លូវ៣១៩សេ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុង បាវិត ខេត្តស្វាយរៀង។
បើតាមលោក វណ្ណ សុមុន្នី អភិបាលស្តីទីបានមានប្រាប់ក្រុមអ្នកសារព័ត៌មានយើងដឹងថា៖ម្ចាស់សំណង់ដែលសាងសង់រំលោភនៅលើដីផ្លូវសាធារណ: របស់រដ្ឋ ផ្លូវ៣១៩សេនោះមានឈ្មោះ ហ៊ុន ណង ហៅកឹង ដោយរដ្ឋបាលក្រុងបាវិតបានចុះផ្អាកការសាងសង់ចំនួន២លើករួចមកហើយនិងចុះធ្វើការណែនាំផ្ទាល់មាត់ជាមួយម្ចាស់សំណង់ចំនួន ៥លើក ប៉ុន្តែម្ចាស់មិនចូលរួមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនោះទេ។
លោកអភិបាលស្តីទីបានបន្តទៀតថា៖ចំពោះម្ចាស់សាងសង់សំណង់ខាងលើគឺអត់មានសុំច្បាប់អនុញ្ញតិ ហើយរំលោភលើចំណីផ្លូវសាធារណៈបើទោះបីអាជ្ញាធរចុះណែនាំជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយម្ចាស់សំណង់ខាងលើនៅតែលួចបន្តសាងសង់សំណង់ និងចាក់បេតុងដដែលមិនព្រមស្តាប់អាជ្ញាធរអ្វីឡើយទើបក្រុមការងាររដ្ឋបាលក្រុង ដឹកនាំដោយ លោក វណ្ណ សុមុន្នី ប្រើធម៌ក្តៅចុះធ្វើការរុះរើ សំណង់ និងកាយបេតុង ដែលសាងសង់រំលោភនៅលើដីផ្លូវសាធារណ: របស់រដ្ឋ ផ្លូវ៣១៩សេ ចេញ ហើយម្ចាស់ចូលរួមដែរ ប៉ុន្តែមិនមានការតវ៉ាអ្វីទាំងអស់។
លោក វណ្ណ សុមុន្នី អភិបាលស្តីទីបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលម្ចាស់សំណង់ទាំងអស់មុនសងសំណង់អ្វីមួយត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរដែនដីនិងមន្ត្រីជំនាញជាមុនសិនជៀសវាងដូចករណីនេះនាំអោយខាតបង់និងអាចមានទោសទាន់ផងដែរ។