ខេត្តកណ្ដាល ដោយអនុវត្តភារកិច្ចស្នូលរបស់កងរាជអាវុធហត្ថ បង្ការ បង្ក្រាប និងសង្គ្រោះ ពិសេសអនុវត្តតាមប្រសាសន៏ដឹកនាំ ព្រមទាំងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ដែលតែងតែដាស់តឿនក្រើនរំលឹកដល់ មេបញ្ជាការ គ្រប់កងឯកភាពឲ្យយកចិត្តទុកដាក់ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន ពិសេសបទល្មើស ឃាតកម្ម គ្រឿងញៀន លួច ឆក់ ប្លន់ ។ល។ ទោះបីស្ថិតនៅក្នុងបរិបទជំងឺកូវីដ ១៩ កំពុងរាតត្បាតក៏ដោយ ពិសេសត្រូវតែគោរព អនុវត្តដាច់ខាតនូវទិសស្លោករបស់លោក នាយឧត្តសេនីយ៍ សៅ សុខា *ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប* ដោយប្រកាន់យ៉ាងខ្ជាប់ខ្ជួននៅវិធានការសុខាភិបាល និង 3ការពារ 3កុំ។ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ឧ.ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល និងដោយមានការសម្រមសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រៃវែង ក្រោមការចុះដឹកនាំស្រាវជ្រាវផ្ទាល់ដោយលោក ទូច អុីណាន មេបញ្ជាការរងទទួលជំនាញ និងចុះអនុវត្តស្រាវជ្រាវគ្រប់គោលដៅពាក់ព័ន្ធជាក់ស្តែងដោយលោក សឿ បញ្ញា ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត។ ជាក់ស្តែងករណី ឃាតកម្មគិតទុកជាមុន មួយបានកើតឡើងនៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ចំណុចផ្លូវ ២៦១ ស្ថិតក្នុងភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ ប្រទះឃើញសាកសពមនុស្សប្រុសម្នាក់នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងលើ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញខេត្តនិងស្រុកបានចុះពិនិត្យសាកសពដល់ទីកន្លែងកើតហេតុ ស្វែងរកវត្ថុតាង សាក្សី តាមលក្ខណៈបច្ចេកទេស បទពិសោធន៏របស់ជំនាញ។ សពជនរងគ្រោះឈ្មោះ ង្វៀង ដាងជុង ភេទប្រុស ជនជាតិវៀតណាម (មានបណ្ណស្នាក់នៅ) អាយុ ៤០ឆ្នាំ មុខរបរម៉ៅការសំណង់។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទីកន្លែងកំណើត ឃុំព្រែកខ្សាយ (ខ) ស្រុកពារក៍ ខេត្តព្រៃវែង។ សម្ភារ:បន្សល់ទុកកន្លែងកើតហេតុមានដូចជា ទូរស័ព្ទដៃ កាបូបដាក់ប្រាក់ បួកសុវត្ថភាព អាវភ្លៀង របស់ជនរងគ្រោះ។ កម្លាំងជំនាញកងរាជអាវុធហត្ថបានធ្វើការស្រាវជ្រាវទាំងថ្ងៃទាំងយប់ មិនខ្លាចនឿយហត់ ប្រើរយៈពេលត្រឹមតែពីរថ្ងៃក្រោយពីរកឃើញសាកសពប៉ុណ្ណោះចាប់ឃាតកបាន ដោយមានការជួយជ្រោមជ្រែងពី ស្នងការដ្ឋាន ស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានកិច្ចសហការល្អ ស្អិតល្មួត ពីកងរាជអាវុធហត្ថខេត្តព្រៃវែង និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ពិសេសការចូលរួមសហការយ៉ាងល្អក្នុងការផ្តល់ព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះ។
ជនសង្សយ័ដែលជាឃាតករឈ្មោះ ស្រេង តាយ ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិ៦ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង (មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ) ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន នៅថ្ងៃទី១៥ ខែ១០ ឆ្នាំ២០២១ នៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង និងបានយកសំណាកជនសង្ស័យរកកូវីដ ១៩ (លទ្ធផល អវិជ្ជមាន)។
នៅចំពោះមុខសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល ជនសង្សយ័ឈ្មោះ ស្រេង តាយ បានឆ្លើយសារភាពថា នៅថ្ងៃកើតហេតុជនរងគ្រោះបានទូរសព្ទ័ហៅរូបគេទៅជួបគ្នាមើលការងារសំណង់នៅភ្នំពេញ លុះដល់ថ្ងៃត្រង់ជនសង្ស័យក៏បានជិះរថយន្តឈ្នួលចេញពីផ្ទះក្នុងខេត្តព្រៃវែង ទៅម្តុំផ្សារច្បារអំពៅ ដោយយកកូនកាំបិតចុងស្រួចដងជ័រពណ៌លឿង ០១ដើមទុកក្នុងហោប៉ៅខោទៅជាមួយ ក្នុងគោលបំណងចាក់ជនរងគ្រោះ ព្រោះធ្លាប់កុហក់ខ្លួនច្រើនដងមកហើយ ធ្វើឲ្យខាតពេលវេលា និងអស់សោហ៊ុយជាច្រើន ដង។ ពេលទៅដល់ផ្សារច្បារអំពៅ ជនសង្ស័យ បានទូរស័ព្ទទៅជនរងគ្រោះជាច្រើនដងឲ្យទៅយកខ្លួន តែជនរងគ្រោះជាប់រវល់លេងអុក ដោយប្រាប់ថាឲ្យចាំមួយភ្លែតៗរហូតដល់វេលាល្ងាចទើបទៅជួបគ្នា ហើយជនសង្ស័យក៏មានចិត្តខឹងជាខ្លាំង រួចហើយជនរងគ្រោះបានដឹកជនសង្ស័យទៅមើលកាងារ ជិះតាមផ្លូវជាតិលេខ 6A និងបន្តចូលទៅជិតដល់កន្លែងកើតហេតុក៏មានភ្លៀង រួចក៏បាននាំគ្នាចូលទៅអង្គុយនៅហាងជិតនោះ និងបានហៅស្រាបៀរផឹកមួយសន្ទុះ (អស់ចំនួនកន្លះកេស)។
ពេលនោះជនសង្ស័យបានឲ្យជនរងគ្រោះទាក់ទងទៅគេ ដែលហៅមកមើលការងារនោះ តែជនរងគ្រោះបែជាទូស័ព្ទទៅប្រាប់គេថា មេឃភ្លៀងហើយយប់ងងឹតទៀតមិនបានទៅជួបទេ។ ជនសង្ស័យបាននិយាយថា ជនរងគ្រោះនិយាយកុហក់ ហើយបានឈ្លោះប្រកែកគ្នា (ពាក្យសម្តី) រួចគិតលុយចេញដំណើរទៅទៀត ដោយជនរងគ្រោះជាអ្នកឌុប និងប្រាប់ជនសង្ស័យឲ្យទៅដេកនៅផ្ទះខ្លួននៅម្តុំស្ទឹងមានជ័យសិនទៅ ស្អែកចាំមកជួបគេនិយាយការងារទៀត។ ពេលកំពុងជិះម៉ូតូនោះជនសង្ស័យនិងជនរងគ្រោះនៅតែបន្តប្រកែកគ្នា ស្របពេលជនរងគ្រោះចង់ឈប់ចុះនោមសិន
ក៏បង្អង់ម៉ូតូរៀបនឹងឈប់ដាក់ចន្ទល់ ក៏ស្រាប់តែជនសង្ស័យបានយកកូនកាំបិតចុងស្រួចដែលទុកក្នុងហោប៉ៅខោ ដកចេញធ្វើសកម្មភាពចាក់ខ្នងជនរងគ្រោះពីក្រោយ ០១កាំបិត ភ្លាមនោះជនរងគ្រោះបានតបតទៅវិញដោយយកមួកសុវត្ថិភាពដេញវាយជនសង្ស័យ ហើយជនសង្ស័យក៏បានរត់តែជនរងគ្រោះនៅតែបន្តដេញ ជនសង្ស័យក៏បានបែរមកចាក់ជនរងគ្រោះត្រូវ ០១កាំបិតទៀតចំទ្រូងខាងឆ្វេង និងចាក់លើខ្នងជាច្រើនកាំបិតបន្ថែមបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែង រួចជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះចេញទៅ និងបានបោះកូនកាំបិតចោលនៅជិតកន្លែងកើតហេតុ រួចយកម៉ូតូជនរងគ្រោះជិះតាមផ្លូវជាតិលេខ 6A ឡើងផ្លូវជាតិលេខ 8 ឆ្ពោះទៅផ្ទះរបស់ខ្លួននៅស្រុកពាមរក៏ ខេត្តព្រៃវែង និងឈប់កាច់ស្លាកលេខម៉ូតូចោលតាមផ្លូវ (មិនចាំកន្លែង) ដោយខ្លាចបែកការណ៏រូបគេក៏យកម៉ូតូទៅរុញទំលាក់ចោលក្នុងទឹកស្រះស្ថិតនៅវត្តមួយ ស្ថិតក្នុងភូមិអ្នកលឿង ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង នៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយខ្លួនក៏បានទៅចូលរួមបុណ្យសពជនរងគ្រោះដែលជាមិត្តភក្តិ រស់នៅភូមិជាមួយគ្នានៅថ្ងៃបន្ទាប់ (ធ្វើខ្លួនជាធម្មតាដើម្បីកុំឲ្យគេសង្ស័យ) តែត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថឃាត់ខ្លួនបានតែម្តង។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល និងខេត្តព្រៃវែង ជាថ្មីម្តងទៀត កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជាមួយកងរាជអាវុធហត្ថខេត្តព្រៃវែង អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ នាំជនសង្សយ័ទៅចង្អុលបង្ហាញទីតាំងដែលខ្លួនទំលាក់ម៉ូតូចោលក្នុងទឹកស្រះ (លទ្ធផលរកឃើញ) និងបានប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះនៅទីនោះតែម្តង។ និងបន្តរុករកកូនកាំបិតនិងវត្ថុតាងផ្សេងៗទៀត នៅក្បែរកន្លែងកើតហេតុ តែរកពុំឃើញដោយមិនចាំចំណុចច្បាស់លាស់ ម៉្យាងទីនោះមានស្មៅដុះស៊ុបទ្រុបច្រើន និងថ្ងៃកើតហេតុមេឃភ្លៀងខ្លាំង។បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកណ្ដាល និងបញ្ជូនបន្តដាក់ឃុំខ្លួននៅពន្ធនាគារខេត្តរួច៕ ដោយ ភាវុន