ដោយ ភាវុន
កណ្ដាល៖កម្លាំងនគរបាលផ្នែកយុត្តិធម៌ស្រុកស្អាងសហការជាមួយកម្លាំងប៉ូលិសផ្នែកប្រឆាំងបទល្មេីសគ្រឿងញៀនស្រុកកោះធំ នាថ្ងៃទី១៧ខែតុលាឆ្នាំ២០២១ វេលាម៉ោង១០និង៣០ នាទីបានចុះចាប់ខ្លួនជនត្រូវចោទម្នាក់ពីបទ«លួចរត់ចេញពីបន្ទប់D១ដែលជាបន្ទប់ធ្វេីចត្តាឡីស័កនៃពន្ធនាគារខេត្តកណ្តាល»កាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០២១វេលាម៉ោង៩និង៤០នាទី យប់។
សមត្ថកិច្ចបានអោយដឹងថា ជនត្រូវចោទឈ្មោះណាង សៀកលៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍ប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ការចាប់ខ្លួនយោងតាមដីកាលេខ១៧៧ដកបចខ ចុះថ្ងៃទី០៣ខែមីនាឆ្នាំ២០២១របស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ពីបទលួចរត់ ចេញពីចំណុច បន្ទប់D១ដែលជាបន្ទប់ធ្វើចត្តាឡីសក័នៃពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០២១វេលាម៉ោង៩និង៤០នាទីយប់។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី។ សូមបញ្ជាក់ថា សមត្ថកិច្ចបានធ្វើការយកសំណាករកមេរោគកូវីត-១៩ លើជនសង្ស័យ ជាលទ្ធផលគឺ អវិជ្ជមាន(-)៕