កណ្តាល ៖ ប៉ូលិសស្រុកអង្គស្នួលបានឃាត់បុរស២នាក់ចំណោម៣នាក់ បន្ទាប់ពីបានធ្វើសកម្មភាពលួចបូមទឹក កាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ២០២១វេលាម៉ោង៩និង ១០នាទីយប់ នៅចំណុចភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ចាន់ សុផា ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។ វត្ថុតាងបាត់បង់ម៉ាស៊ីនសម្រាប់បូមទឹកចំនួនមួយគ្រឿង ។
ចំណែកជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ ចក់ វណ្ណេត ហៅវឹង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល(ឃាត់ខ្លួន), ២-ឈ្មោះ សឿន ពន្លក ហៅលក ភេទប្រុសអាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (ឃាត់ខ្លួន) និង៣-ឈ្មោះ យ៉ង់ ឆារ៉ាម ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត នៅភូមិរកា ឃុំរកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល (គេចខ្លួន)។ វត្ថុតាងចាប់យក ម៉ាស៊ីនសម្រាប់បូមទឹកចំនួនមួយគ្រឿងជារបស់ជនរងគ្រោះយកបានមកវិញនិងរ៉ឺម៉កសម្រាប់ដឹកម៉ាស៊ីនចំនួនមួយគ្រឿងជារបស់ជនសង្ស័យ។
ប៉ូលិសបន្តថា ដំបូងមានជនសង្ស័យមានគ្នាបីនាក់បានធ្វើសកម្មភាពលួច យកម៉ាស៊ីនរបស់ជនរងគ្រោះ ដែលដាក់បូមទឹកក្នុងចម្ការនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្ដ កណ្ដាល។ នៅពេលជនសង្ស័យលួចម៉ាស៊ីនបានហើយ ក៏យករ៉ឺម៉កដឹកម៉ាស៊ីននោះបម្រុងទៅលក់ក្នុងភូមិរកា ឃុំរកាស្រុកកណ្ដាលស្ទឹងខេត្ដកណ្ដាល។
ខណៈពេលបក្ខពួកជនសង្ស័យកំពុងដឹកម៉ាស៊ីនដើរលក់ ក៏មានឈ្មោះ ចិន ឌីណា ភេទប្រុសអាយុ៣១ឆ្នាំត្រូវជាកូនរបស់ជនរងគ្រោះបានឃើញម៉ាស៊ីនដែលជនសង្ស័យដឹកដើរលក់ នោះដូចជាម៉ាស៊ីនរបស់ឪពុកខ្លួន ក៏ទូរសព្ទប្រាប់ជនរងគ្រោះជាឪពុកឱ្យមកមើលម៉ាស៊ីន។
ក្រោយមកជនរងគ្រោះបានទៅមើលបាត់មិនឃើញម៉ាស៊ីននៅក្នុងចម្ការ ក៏រាយការណ៍ទៅកម្លាំងសមត្ថកិច្ច ,បន្ទាប់ពីទទួលបានព័ត៌មានពីជនរងគ្រោះភ្លាមកម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលសហការជាមួយកម្លាំងប៉ូលិសប៉ុស្ដិ៍រកាស្រុកកណ្ដាលស្ទឹង បានឃាត់ខ្លួនជនសង្ស័យបានពីរនាក់រួមជាមួយវត្ថុតាងដើម្បីសួរនាំតាមនីតិវិធី។
តាមចម្លើយសារភាពរបស់ឈ្មោះ ចក់ វណ្ណេត ហៅវឹង បានឆ្លើយថា «ខ្លួននិងបក្ខពួកបានលួចម៉ាស៊ីន បូមទឹករបស់ជនរងគ្រោះចំនួនមួយគ្រឿង ដើម្បីយកទៅលក់បានលុយទិញថ្នាំញៀនជក់»។
ចំពោះជនសង្ស័យបានធ្វើតេស្ដរកមេរោគកូវីដ-១៩ លទ្ធផលអវិជ្ជមាន(-) ,ចំពោះការធ្វើតេស្ដទឹក នោមលទ្ធផល មានសារធាតុញៀននៅក្នុងទឹកនោម(+) ។បច្ចុប្បន្នករណីនេះកម្លាំងប៉ូលិសផ្នែកជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕