កណ្តាល ៖ ពួកចោរបានធ្វើសកម្មភាពលួចម៉ូតូរ៉ឺម៉កបានហើយធាក់មិនឆេះ ក៏សណ្តោងតាមផ្លូវជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍ ក៏រត់ចោលទាំងម៉ូតូរបស់ខ្លួននិងម៉ូតូរ៉ឺម៉កជនរងគ្រោះ កើតឡើងកាលពីថ្ងៃសៅរ៍ ទី១៦តុលាឆ្នាំ២០២១វេលាម៉ោង៤និង០៥នាទីទៀបភ្លឺ នៅចំណុចក្នុងរោងលក់អំពៅរបស់ជនរងគ្រោះ តាមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិសំប៉ាន ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល។
ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះណាំ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ នៅភូមិឃុំកើតហេតុ មុខរបរកសិករ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
វត្ថុតាងចាប់យក ម៉ូតូរ៉ឺម៉កចំនួន០១គ្រឿងជារបស់ជនរងគ្រោះ, ម៉ូតូម៉ាកGPXពណ៌ក្រហមស្លាកលេខ ភ្នំពេញ1GQ-0210 ជារបស់ជនសង្ស័យ, កាបូបស្ពាយមួយក្នុងកាបូបមានកូនសោមួលដោះខ្ចៅចំនួន០៨ដើម,ទួណឺវីស០៤ដើម ,ឧបករណ៍សម្រាបកាច់បំបែកសោកម៉ូតូចំនួនមួយ,កន្ត្រៃកាត់ដែកមួយនិងអង្រឹងមួយជារបស់ជនសង្ស័យ។
ប៉ូលិសបន្តថា កាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០២១វេលាម៉ោង៤និង០៥នាទីទៀបភ្លឺ មានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានចូលមកលួចយកម៉ូតូរ៉ឺម៉ក របស់ឈ្មោះណាំ ស៊ីណា ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិសំប៉ាន កោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្ដាល ដោយរ៉ឺម៉កម៉ូតូនោះជនរងគ្រោះបានចតទុកនៅក្នុងរោងលក់អំពៅរបស់ខ្លួន ។
ខណៈពេលចោរបញ្ឆេះម៉ូតូរ៉ឺម៉កមិនឆេះជនសង្ស័យក៏បានយកអង្រឹងមកចងអូសជាមួយម៉ូតូរបស់ខ្លួនដោយជិះសណ្ដោងលើផ្លូវជាតិលេខ២១ទៅទិសខាងជើងដល់ចំណុចវត្តសំប៉ាន ព្រំប្រទល់ស្រុកស្អាង-ស្រុកកោះធំ ម៉ូតូជនសង្ស័យក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលរួចជនសង្ស័យបានរត់គេចខ្លួនចោលម៉ូតូក្នុងពេលនោះទៅ។
បច្ចុប្បន្នកម្លាំងប៉ូលិសជំនាញស្រុកកោះធំនិងប៉ុស្ដិ៍កោះធំ(ខ)បានប្រមូលវត្ថុតាងមករក្សាទុកនិងកំពុងស្រាវជ្រាវ រកមុខសញ្ញាចោរបន្តដើម្បីចាត់ការតាមនីតិវិធី៕ដោយ ភាវុន