កាកបាទក្រហមខេត្តកំពង់ចាម បានផ្ដល់ផ្ទះ១ខ្នង ជូនស្ត្រីមេម៉ាយ ទីទ័ល លំបាកកូនច្រើន បន្ទាប់ពីរងគ្រោះដោយអគ្គីភ័យ

កំពង់ចាម :  ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកិត្តិយសសាខាកាកបាទកម្ពុជាខេត្ត និងឯកឧត្តម  អ៊ុន  ចាន់ដា  អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម  នាព្រឹក ថ្ងៃទី ១៦  ខែតុលា  ឆ្នាំ ២០២១ នេះ  បានអញ្ជេីញប្រគល់ផ្ទះ ១ខ្នង  ជូន ស្រ្តីមេម៉ាយ ទីទ័លលំបាក  ឈ្មោះ សន វី  អាយុ ៣៦ឆ្នាំ  មានកូនប្រុសស្រី ៦នាក់ និងចៅស្រី  ១នាក់  ក្នុងបន្ទុក បន្ទាប់ពី រងគ្រោះដោយ អគ្គីភ័យ  នៅភូមិដីលើ ឃុំ ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្នុងឱកាសនោះ  ឯកឧត្តម ហ៊ុន ណេង និង ឯកឧត្ដម  អ៊ុន  ចាន់ដា  បាន ពាំនាំ នូវ ប្រសាសន៍ ផ្តាំផ្ញេី សាកសួរសុខទុកពី សំណាក់  សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ជូនចំពោះលោកយាយ លោកតា ប្រជាពលរដ្ឋទាំងអស់  និងបានអំពាវនាវ សូម យកចិត្តទុកដាក់គិតគូរថែទាំសុខភាព ឲ្យបានល្អ រស់នៅត្រូវមានអនាម័យស្អាត ត្រូវសម្រាន្តក្នុងមុង និងពិសារទឹកឆ្អិនដាំពុះជានិច្ច  ជាពិសេស ត្រូវបន្តរៀនរស់នៅជាមួយជម្ងឺកូវីដ-១៩ ដោយអនុវត្ត តាមវិធានសុខាភិបាល “៣ការពារ  ៣កុំ និង ២ចូលរួម ”  ឲ្យបានខ្ជាប់ខ្ជួន  ដេីម្បីជៀសផុតពីពីការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវនេះ  ព្រមទាំងសូមជូនពរដល់ម្ចាស់ផ្ទះ ថ្មី និងលោកយាយ លោកតាទាំងអស់  សូមមានសុខភាពរឹងមាំ អាយុយឺនយូរ ហើយបន្តរស់នៅ ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ផងដែរ  ។

ជាមួយគ្នា នោះ  សាខាកាកបាទក្រហមកម្ពុជា បានផ្តល់ជូនអំណោយមនុស្សធម៌ ជាសម្ភារ គ្រឿងឧបភោគបរិភោគ សម្រាប់សង្កត់ផ្ទះ រួមមាន៖ អង្ករ ៥០kg, មី ២កេស, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប, ទឹកស៊ីអ៊ីវ ១២ដប, ឃីត  (មុង  ភួយ  សារុង  ក្រមា)  ២កញ្ចប់, អាវយឺត ១៦,  សម្ភារផ្ទះបាយ  និងសម្ភារប្រេីប្រាស់ក្នុងផ្ទះ ចំនួន  ២៧មុខ ព្រមទាំងថវិកា ២០០.០០០រៀល។ បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ណេង ក៏បានឧបត្ថម្ភបន្ថែមចំនួន ២លានរៀល។

ចំពោះ លោកយាយ  លោកតា  ចំនួន  ២០នាក់  ដែលអញ្ជេីញចូលរួម ក្នុងពីធីប្រគល់-ទទួលផ្ទះថ្មីនេះ  ក្នុងម្នាក់ៗទទួលបាន  ៖ អង្ករ ២៥kg, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០កំប៉ុង, ឃីត (មុង  ភួយ  សារុង  ក្រមា  )  ១កញ្ចប់,  អាវយឺត ៤ , ម៉ាស់ ៥បន្ទះ និងថវិកា ២០.០០០រៀល ផងដែរ  ។

គួរបញ្ជាក់ថា  ផ្ទះថ្មី  ១ខ្នងនេះ  ត្រូវចំណាយអស់ថវិកា ៨.៦៥០ដុល្លារ អាមេរិក  សង់ពីឈេីខ្ពស់ផុតពីដី  ២ម៉ែត្រ  មានទំហំ ៥ម x ៧ម   និងមានផ្ទះបាយជាប់ខាងក្រោយ  ដំបូលប្រក់ស័ង្កសី ជញ្ជាំងស្មាបត រនាបឬស្សី  មានប្រព័ន្ធអគ្គិសនី ប្រេីប្រាស់ថាមពលព្រះអាទិត្យ  (Solar) អាចប្រេីទូរទស្សន៍១   កង្ហារ  ១  និងអំពូល៥  ផងដែរ  ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *